មេដឹកនាំកូរ៉េខាងជើងប្ដេជ្ញាជំរុញការផលិតអាវុធ និងការត្រៀមខ្លួនធ្វើសង្គ្រាម
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី គីម ជុងអ៊ុន បានប្ដេជ្ញាជំរុញពន្លឿនការផលិតសព្វាវុធ និងការត្រៀមខ្លួនធ្វើសង្គ្រាម ក្នុងដំណើរទស្សនកិច្ចទៅរោងចក្រសព្វាវុធសំខាន់ៗរបស់ប្រទេស រួមទាំងរោងចក្រផលិតប្រព័ន្ធកាំភ្លើងធំ និងប្រព័ន្ធយានបាញ់បង្ហោះមីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារបន្តរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
KCNA ផ្សាយដោយមិនបញ្ជាក់ឈ្មោះរោងចក្រឱ្យប្រាកដថា ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រោងចក្រផលិតប្រព័ន្ធកាំភ្លើងធំ លោក គីម បានសង្កត់ធ្ងន់លើ «ការទទួលខុសត្រូវ និងកាតព្វកិច្ចសំខាន់» របស់រោងចក្រនោះ ក្នុងការជំរុញបន្ថែមទៀតនូវ «ការត្រៀមធ្វើសង្រ្គាម» នៃយោធារបស់ប្រទេស។
បន្ថែមពីលើនោះ លោក គីម បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រ ក្នុងការប្រើ «វិធានការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» ដើម្បីបង្កើនគុណភាពគ្រាប់ ក៏ដូចជាបង្កើនល្បឿនផលិតកម្មជាដើម។ KCNA បានផ្សាយទៀតថា លោក គីម ក៏បានជំរុញឱ្យរោងចក្រឆ្ពោះទៅមុខជាមួយនឹងការអភិវឌ្ឍន៍ និងការផលិតទ្រង់ទ្រាយធំ នៃប្រភេទគ្រាប់រំសេវថ្មីៗផងដែរ។
បើតាម KCNA ដដែល លោក គីម បានបន្ទរសារដូចគ្នាដដែលនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រសព្វាវុធចំនួនពីរផ្សេងទៀត ដោយអះអាងថា ប្រព័ន្ធយានបាញ់បង្ហោះមីស៊ីល ដែលរចនាឡើងដើម្បីដឹកជញ្ជូន និងបាញ់មីស៊ីលផ្លោង ថាជា «អាទិភាពកំពូល» សម្រាប់យោធាកូរ៉េខាងជើង។ លោកបានជំរុញឱ្យមានការពន្លឿនផលិតកម្មយានបែបនេះឱ្យកាន់តែមានគុណភាព ទុកសម្រាប់បាញ់មីស៊ីលគ្រូស និងដ្រូនជាដើម។
គួរគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅរោងចក្រសព្វាវុធដើម្បីការត្រួតពិនិត្យរយៈពេល៣ថ្ងៃរបស់លោក គីម គិតត្រឹមថ្ងៃសៅរ៍ ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានត្រៀមរៀបចំសម្រាប់ជុំបន្ទាប់នៃសមយុទ្ធយោធារួមបញ្ចូលគ្នានៅចុងខែនេះ ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារល្បឿននៃការសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលលោក គីម ចាត់ទុកថាជាការហាត់សមធ្វើសង្រ្គាម។
អ្នកជំនាញខ្លះនិយាយថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រោងចក្រផលិតសព្វាវុធ ក៏អាចពាក់ព័ន្ធនឹងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងមូស្គូផងដែរ ដែលក្នុងនោះ វាអាចជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់កាំភ្លើងធំ និងគ្រាប់រំសេវផ្សេងទៀតរបស់កូរ៉េខាងជើង ខណៈរុស្ស៊ីស្វែងរកជំនួយពីមហាមិត្តដើម្បីបន្តសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់ខ្លួន។
ចំណែកឯលោក Koo Byoungsam អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ វិញ បាននិយាយកាលពីថ្ងៃសុក្រថា ដំណើរទស្សនកិច្ចជាដំណាក់កាលរបស់លោក គីម ទៅកាន់រោងចក្រផលិតសព្វាវុធ គឺអាចធ្វើឡើង ក្នុងគោលបំណងបង្ហាញពីកម្លាំងយោធារបស់កូរ៉េខាងជើង ដើម្បីប្រឈមមុខនឹងសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាក្នុងគោលបំណងបង្ហាញពីចេតនាលក់អាវុធផងដែរ៕ ដោយ៖ ហួន ឌីណា