នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ៖ ប្រទេសជាតិកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅមុខ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
គូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា ប្រទេសរបស់លោកកំពុងដើរលើផ្លូវត្រូវដើម្បីឆ្ពោះទៅមុខ ជាពិសេសទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានគូសបញ្ជាក់ថា វិធានការគោលនយោបាយផ្សេងៗ កំពុងត្រូវបានអនុវត្តក្នុងពេលបច្ចុប្បន្ន ដើម្បីគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក អានវ៉ា បន្តថា អំណាចពិតប្រាកដត្រូវតែផ្តោតលើការពង្រឹងសិទ្ធិ និងសេដ្ឋកិច្ចរបស់ប្រជាជន។
ក្នុងន័យនេះ លោក អានវ៉ា បានអំពាវនាវឱ្យគ្រប់មជ្ឈដ្ឋានទាំងអស់គាំទ្រគណបក្សរដ្ឋាភិបាលរួបរួមរបស់គាត់ ដើម្បីផលប្រយោជន៍នៃស្ថិរភាព និងការខិតខំប្រឹងប្រែងផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថ្នាក់រដ្ឋនៅឯកីឡដ្ឋាន Paroi ក្នុងទីក្រុង Seremban ដែលមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សរដ្ឋាភិបាលរួបរួមផងដែរ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា
