ធនាគារកណ្តាលព្យាករណ៍ថា សេដ្ឋកិច្ចថៃ នឹងបន្តស្ទុះងើបឡើងវិញ
បាងកក៖ ប្រធានធនាគារកណ្តាលថៃបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងបន្តស្ទុះងើបឡើងវិញ ដែលជួយដោយវិស័យទេសចរណ៍ និងការទិញទំនិញប្រើប្រាស់ បើទោះបីជាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច អាចនឹងត្រូវកែសម្រួល ដោយសារការធ្លាក់ចុះការនាំចេញនៅឆ្នាំនេះក៏ដោយ។
ទេសាភិបាលធនាគារកណ្តាលថៃ លោក ស៊ីថាភុត ស៊ូធីវ៉ាតណារូភុត បានប្រាប់សិក្ខាសាលាធនាគារកណ្តាលថា ការព្យាករណ៍កាលពីមុន គឺ៣.៦ភាគរយ ដោយសារតែការធ្លាក់ចុះការនាំចេញ ខណៈតួលេខនេះប្រហែលជានឹងត្រូវកែសម្រួលទៅកម្រិតពាក់កណ្តាលត្រឹម ៣ភាគរយវិញនៅក្នុងឆ្នាំនេះ។
ក្នុងខែឧសភា ធនាគារកណ្តាលថៃ (BOT) បានរក្សាការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅត្រឹម ៣.៦ភាគរយនៅឆ្នាំ២០២៣ និង ៣.៨ភាគរយនៅឆ្នាំ២០២៤។ ដោយឡែកក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចថៃបានកើនឡើង ២.៦ភាគរយ។
លោក ស៊ីថាភុត បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការនាំចេញមានភាពទន់ខ្សោយដោយសារបញ្ហាសកល ប៉ុន្តែការទិញទំនិញប្រើប្រាស់ឯកជន និងវិស័យទេសចរណ៍ នឹងគាំទ្រដល់ការងើបឡើងវិញជាបន្តបន្ទាប់ និងថា ប្រទេសថៃ រំពឹងថា នឹងទទួលបានភ្ញៀវបរទេសចំនួន ២៩លាននាក់នៅឆ្នាំ២០២៣នេះ។
លោក ស៊ីថាភុត បន្ថែមថា អតិផរណាកំពុងធ្លាក់ចុះលឿនជាងការរំពឹងទុក ហើយការសម្រេចចិត្តលើអត្រាការប្រាក់ នឹងផ្តោតលើទស្សនវិស័យសេដ្ឋកិច្ចមិនមែនជាទិន្នន័យរយៈពេលខ្លីនោះទេ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

