ឥណ្ឌាហាមឃាត់ក្រុមហ៊ុនផលិតយន្តហោះដ្រូនក្នុងស្រុក ពីការប្រើប្រាស់គ្រឿងបន្លាស់របស់ចិន
ញូវដែលី៖ មេដឹកនាំផ្នែកសន្តិសុខឥណ្ឌាមានការព្រួយបារម្ភថា ការស៊ើបការណ៍សម្ងាត់អាចត្រូវបានសម្របសម្រួលដោយគ្រឿងបរិក្ខាផលិតដោយប្រទេសចិន នៅក្នុងមុខងារទំនាក់ទំនងរបស់យន្តហោះដ្រូន, កាមេរ៉ា, វិទ្យុទាក់ទង និងកម្មវិធីប្រតិបត្តិការ។
ប៉ុន្មានខែថ្មីៗនេះ ប្រទេសឥណ្ឌាបានរារាំងក្រុមហ៊ុនផលិតយន្តហោះដ្រូនយោធាក្នុងស្រុក ពីការប្រើប្រាស់សមាសធាតុដែលផលិតនៅក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីភាពងាយរងគ្រោះផ្នែកសន្តិសុខ។ នេះបើយោងតាមប្រភពពីមន្ត្រីការពារជាតិ និងឧស្សាហកម្មបួននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
វិធានការនេះកើតឡើងចំពេលមានភាពតានតឹងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ និងខណៈដែលឥណ្ឌាបន្តធ្វើទំនើបកម្មផ្នែកយោធារបស់ខ្លួន។
ប្រទេសឥណ្ឌាបានត្រៀមថវិកាចំនួន ១.៦ទ្រីលានរូពី ឬប្រមាណ ២២ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មយោធាក្នុងឆ្នាំ ២០២៣-២០២៤ ដែលក្នុងនោះ ៧៥ភាគរយត្រូវបានបម្រុងទុកសម្រាប់ឧស្សាហកម្មក្នុងស្រុក។
ប៉ុន្តែការហាមប្រាមលើការបញ្ជាទិញគ្រឿងបន្លាស់របស់ចិន បានបង្កើនថ្លៃដើមផលិតយន្តហោះដ្រូនយោធាក្នុងស្រុករបស់ឥណ្ឌា ដោយបង្ខំឱ្យក្រុមហ៊ុនផលិតគ្រឿងបន្លាស់មកពីប្រភពនៅកន្លែងផ្សេងទៀត នេះបើតាមការអះអាងពីរដ្ឋាភិបាល និងអ្នកជំនាញឧស្សាហកម្ម៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា
