សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នានោះទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នានោះទេ ។ សម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់ទៅវិទ្យុអាស៊ីសេរី និង វិទ្យុបរទេសនិយាយភាសាខ្មែរ នៅព្រលប់ថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ គាប់ជួនខ្ញុំបានបើក youtube ហើយប្រទះឃើញនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលនិយាយទៅដល់ថាគណបក្សប្រជា ជនកម្ពុជាពិតជាមានរឿងដ៏ធ្ងន់ធ្ងរដែលក្នុងនោះមានពីបញ្ហាដែលបានលើកឡើង ។ ទី១.គេបានបង្ហាញថាមកដល់ពេលនេះសម្ដេច ទៀ បាញ់ ,សម្ដេច ម៉ែន សំអន នៅមិនទាន់មានការ ប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅឡើយលើកលែងតែសម្ដេច ស ខេង ប៉ុណ្ណោះដែលបានចេញសារគាំទ្រ ។

ខ្ញុំគិតឃើញថា ពួកនេះនៅតែឆ្លៀត ឱកាសវាយប្រហារផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបើទោះបីជាការវាយប្រហាររបស់ពួកគេគ្មានប្រយោជន៍ក៏ដោយវាគ្មានការចាំបាច់ដើម្បីធ្វើការបញ្ជាក់នោះទេ ។ថ្ងៃស្អែកសូម រង់ចាំមើលការជួបជុំរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាជាមួយ នឹងរាជរដ្ឋាភិបាលនីតិកាលទី ៦ដែលទើបនិងបញ្ចប់និងរាជរដ្ឋាភិបាលនីតិកាលទី៧ដែលនឹងឈាន ចូលកាន់តំណែងនាពេលខាងមុខ ។ សូមវិទ្យុអាស៊ីរីសេរី កុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក, ដែលវាជាការធ្វើឲ្យដេញទាន់ជាន់កែង។

សម្តេចបន្តថា ចំណុចទី២.គេគិតថាគណបក្សប្រជាជនកម្ពុជាកំពុងតែដណ្ដើមអំណាចទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា ។ ខ្ញុំសូមជម្រាបទៅអស់លោកឱ្យបាន ជ្រាបថា បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១ មកម្ល៉េះ ។ ខ្ញុំសូមជម្រាបជូនអស់លោកឱ្យបានជ្រាបថា លោកជំទាវ ឃួន សុដារី ដែលជា អនុប្រធានរដ្ឋសភាទី២ នឹងក្លាយទៅជាប្រធានរដ្ឋសភានៅពេលខាងមុខដែលជាការអនុវត្តលើកកម្ពស់តួនាទី ស្រ្តី ,ឯឯកឧត្តម ជៀម យាប អនុប្រធានទី១ រដ្ឋសភាគឺនៅតែ ជាអនុប្រធានទី១រដ្ឋសភាដដែលហើយឯកឧត្តម វង សូត្រ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្លាយទៅជាអនុប្រធានទី២នៃរដ្ឋសភា ។

សម្តេចតេជោហ៊ុន សែន ក៏យកឱកាសនេះបញ្ជាក់ថាឯកឧត្តមប្រធានតុលាកំពូល ឌិត មន្ទី ក៏ធ្វើលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលនិវត្តន៍ពីប្រធានតុលាការកំពូលផងដែរ ដោយសារមានអាយុកាន់តែច្រើន សុខភាពមិនធានា ។ សម្តេច បានបន្តឲ្យដឹងទៀតថា មានមនុស្សមួយចំនួនទៀតក៏កំពុងនិងត្រៀមរៀបចំនៃការដាក់បេក្ខភាពសម្រាប់ការឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ក៏មានសមា ជិកព្រឹទ្ធសភាមួយចំនួន រាប់ទាំងប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភាទី១ ប្រធានគណៈកម្មការការបរទេស និងបន្តបន្ទាប់ដែលមានអាយុចាស់ និងសុខភាពមិនល្អ ក៏ត្រូវសុំលាឈប់ដោយមិនឈរឈ្មោះបន្តទៀតដែរ ។ ដូច្នេះបើសិនជាអស់លោកល្ងង់ណាស់ អស់លោកគួរតែស្វែងរកដើម្បីពិចារណាជៀសវាងអ្វីៗសុទ្ធតែជាទំនាស់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោបន្តទៀតថា សូមឱ្យអស់លោកវិទ្យុអាស៊ីសេរីក៏ដូចជាវិទ្យុបរទេសនិយាយភាសាខ្មែរដ៍ទៃទៀតចងចាំឱ្យបានថាគណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះគ្នាដណ្ដើមអំណាច គ្នា ដូចដែលពួកអស់លោកធ្លាប់បាននិងកំពុងបាននិងឈានទៅដួលរលំដោយសារតែជម្លោះផ្ទៃក្នុងរបស់អស់លោកនោះទេ។ សូមជម្រាបអស់លោកឱ្យបានជ្រាបថា អស់លោកមិនបាច់មកញុះញង់អំពីទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាទេ លោ កបើកភ្នែកឱ្យធំៗ ដើម្បីសង្កេតមើលគណបក្សប្រជាជន ។ ថ្ងៃស្អែក អស់លោកនឹងបានឃើញសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី គណៈរដ្ឋមន្ត្រីនេះមិនទាន់បានឆ្លងកាត់ ការអនុម័តពីរដ្ឋសភានៅឡើយហើយខ្ញុំក៏សូមជម្រាបអស់លោកឱ្យបានជ្រាប ហើយកាន់តែជ្រាបច្បាស់។

សម្តេចក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋរបស់យើងជឿការផ្សព្វផ្សាយអកុសល ហើយសូមឲ្យវិទ្យុនេះបន្តការភូតតទៅទៀតហើយវាក៏នឹងជាផលប្រយោជន៍ម្យ៉ាងសម្រាប់ការឈ្នះរបស់ គណបក្សប្រជាជនកម្ពុជា,ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជាក៏បានមកពីការភូតភរបស់អស់លោកដែលវាជាការភូតកុហកដោយគ្មានសីលធម៌គឺជាវិទ្យុនិងជាមនុស្សដែលអគុណធម៌បំផុត នៅលើលោកនេះហើយជាភាពតិរច្ឆានរបស់អស់លោកផងដែរ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner