មេដាយ ៧១គ្រឿងដណ្តើមបានពីព្រឹត្តិការណ៍ World Police & Fire Games នៅកាណាដាបង្ហាញពីភាពខ្លាំងរបស់កម្ពុជានៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ក្រុមកីឡានគរបាលជាតិកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសវិញហើយ នាព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៣ បន្ទាប់ពីបំពេញបេសកម្មប្រកួតដណ្តើមបានមេដាយជូនកម្ពុជាបានសរុប៧១គ្រឿងពីព្រឹត្តិការណ៍World Police & Fire Games នៅប្រទេសកាណាដា ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសត្រឡប់មកដល់ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បេសកម្មប្រកួតប្រជែងដណ្តើមមេដាយរបស់អត្តពលិកកីឡានគរបាលជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) ដែលតែងប្រារព្វធ្វើឡើងរៀងរាល់ ០២ឆ្នាំម្តងនេះ ក្រុមកីឡានគបាលជាតិកម្ពុជាប្រជែងដណ្តើមបានមេដាយសរុប៧១គ្រឿង ក្នុងនោះមេដាយមាស៣៣ ប្រាក់២៩ និងសំរិទ្ធ ៩មេដាយ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការដណ្តើមបានមេដាយជូនកម្ពុជាពីក្រុមកីឡានគរបាលជាតិកម្ពុជាដ៏ច្រើននេះ គឺជាជោគជ័យមួយដ៏ធំធេងសម្រាប់កងកម្លាំងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលធ្វើឲ្យកម្ពុជាបង្ហាញភាពលេចធ្លោលើឆាកអន្តរជាតិ និងធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជឿនលឿននៅលើពិភពលោក។ ទាំងអស់នេះទទួលបានពីម្លប់សន្តិភាព មានសន្តិភាពទើបយើងមានឱកាសចេញទៅប្រកួតប្រជែងដណ្តើមបានមេដាយជូនជាតិ។
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមាហាផ្ទៃ បានប្តេជ្ញាចិត្តជំរុញឲ្យក្រុមកីឡានគរបាលជាតិកម្ពុជាខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីរក្សាតំណែងមេដាយ និងបង្កើនចំនួនមេដាយ។ សម្រាប់ក្រុមកីឡានគរបាលជាតិដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍កងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games)ក៏ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលស្មើនិងប្រាក់រង្វាន់ជ័យលាភីក្រសួងអប់រំប្រគល់ជូនកីឡាករកីឡាការិនីឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games)បានរៀបចំនៅប្រទេសកាណាដា ដែលមានប្រទេសនៅលើពិភពលោកចូលរួមសរុប៧០ប្រទេស ដំណើរការប្រកួតពីទី២៨ខែ កក្កដា រហូតដល់ថ្ងៃទី៦ ខែ សីហា ក្នុងនោះកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិកម្ពុជានិងប្រតិភូទៅចូលរួមចំនួន៤៩រូបចំនួន១៣ប្រភេទកីឡារួមមាន៖ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ការ៉ាតេ, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ , វាយកូនគោល, លើកទម្ងន់Bench Press និងកីឡាលើកទម្ងន់Push -Pull lifting សរុបទាំងអស់ស្មើនឹង ៧៦វិញ្ញាសាប្រកួត។
សូមរំលឹកដែរថា ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games)ដែលរៀបចំរៀងរាល់២ឆ្នាំម្តងនេះ គឺជារៀបចំបាន២០លើកហើយ តែសម្រាប់ក្រុមនគរបាលជាតិកម្ពុជាទើបតែចូលរួមបាន៣លើក ដោយលើកទី១ ចូលរួមនៅក្នុងឆ្នាំ២០១៩ នៅប្រទេសចិន ដណ្តើមបានមេដាយសរុប៤៦គ្រឿង មាស១៨ ប្រាក់១៧ និងសំរិទ្ធ១១. លើកទី២ នៅប្រទេសហូឡង់ក្នុងឆ្នាំ២០២២ ដណ្តើមបានមេដាយសរុប៣៣គ្រឿង មាស១៥ ប្រាក់៨ និងសំរិទ្ធ១០ និងលើកទី៣ នៅប្រទេសកាណាដាក្នុងឆ្នាំ២០២៣ មេដាយសរុប៧១គ្រឿង មេដាយ៣៣ និងប្រាក់២៩ និងសំរិទ្ធ ៩មេដាយ៕
អត្ថបទ៖ ជាវ ចន្ធូ



