សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ចំនួន ១២៥នាក់

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ចំនួន ១២៥នាក់ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងបរិយាកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់គឿងឥស្សរិយយស និងមេដាយការងារ ជូន មន្ត្រី បុគ្គលិក ក្រុមប្រតិបត្តិ ថ្នាក់កណ្តាល និងថ្នាក់សាខា ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ជម្នះគ្រប់ឧបសគ្គ យកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ មិនថាយប់ឬថ្ងៃ ដើម្បីបុព្វហេតុមនុស្សធម៌ អស់រយៈពេលច្រើនជាង ២០ឆ្នាំកន្លងទៅនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «ពិធីបំពាក់គ្រឿងឥស្សរិយយសនៅថ្ងៃនេះ ជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានឡើយ ក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ»។

ឥស្សរិយយសនេះ ដោយមានការប្រោសព្រះរាជទានគ្រឿងឥស្សរិយយសពី ព្រះករុណា ព្រះមហាក្សត្រ និងមេដាយការងារពីរាជរដ្ឋាភិបាលកម្ពុជា តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
មន្ត្រី បុគ្គលិក ដែលបានទទួលគ្រឿងឥស្សរិយយស សុទ្ធតែបានតស៊ូនៅក្នុងបេសកកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា រួមជាកម្លាំងសាមគ្គី អស់រយៈពេលជាង ២០ឆ្នាំមកហើយ គឺចាប់តាំងពីកម្លាំងកាយនៅរឹងមាំ រហូតអ្នកខ្លះបានចូលនិវត្តន៍ អ្នកខ្លះបានបាត់បង់កាយសម្បទា ក្នុងការបំពេញការងារតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» តាមរយៈការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, វិបត្តិភ័យ, ការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ, ការថែទាំសុខភាពក្នុងសហគមន៍, ជាពិសេសក្នុងរយៈពេលប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដ៏កាចសាហាវ រហូតយើងទាំងអស់គ្នា សម្រេចបានជោគជ័យ និងបានបើកប្រទេសឡើងវិញ។
លើសពីនោះព្រមទាំងបាន និងកំពុងស្តារ ពន្លឿនកំណើនសេដ្ឋកិច្ចតាមប្រក្រតីភាពគន្លងថ្មី សំដៅរក្សា លំនឹងជីវភាព និងលើកស្ទួយការរស់នៅរបស់ប្រជាជន ជាពិសេស អ្នកងាយរងគ្រោះបំផុត។ ការចូលរួមរបស់មន្ត្រី បុគ្គលិកទាំងអស់ នឹងត្រូវកត់ត្រាទុកនៅក្នុងប្រវត្តិនៃការអភិវឌ្ឍកាកបាទក្រហមកម្ពុជា តាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចុះស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «ការលះបង់ និងឆន្ទៈ មនសិការនៃការប្តេជ្ញាចិត្តតស៊ូ ជម្នះឧបសគ្គរបស់មន្ត្រី បុគ្គលិកទាំងអស់ គឺជាគំរូ និងជាកេរដំណែលដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗទៀត ហើយដែលបច្ចុប្បន្ននេះ យុវជនយើង បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការងារមនុស្សធម៌ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ -ល- ដែលក្នុងនោះចំនួនស្ត្រីចូលរួមក៏មានការកើនឡើងគួរឱ្យកត់សម្គាល់»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូននាពេលនេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ជាប់ក្រអៅបេះដូង របស់មន្ត្រីបុគ្គលិកទាំងអស់គ្នា និងជាគំរូលើកទឹកចិត្ត ដល់មន្ត្រីបុគ្គលិក ដែលបាន និងកំពុងបន្តបំពេញការងារ ឱ្យកាន់តែមានឆន្ទៈមោះមុត បំពេញភារកិច្ចក្នុងស្មារតីការងារជាក្រុម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងបុព្វហេតុមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាព និងដើម្បីមនុស្សជាតិលើភពផែនដីទាំងមូល។

សូមបញ្ជាក់ថា គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូនមន្ត្រី បុគ្គលិក មានដូចជា៖* គ្រឿងឥស្សរិយយស ជាតូបកា ចំនួន ១៨ ក្នុងនោះមន្ត្រីថ្នាក់កណ្តាលចំនួន ៦ និងមន្ត្រីថ្នាក់សាខាចំនួន ១២ * គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ៧ * គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ៣ * គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ១២ * គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ១ និងថ្នាក់សាខា ចំនួន ៦ * គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ១៩ និងមន្ត្រីថ្នាក់សាខា ចំនួន ១៦ * គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា សម្រាប់មន្ត្រីថ្នាក់សាខា ចំនួន ២ * គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ សម្រាប់មន្ត្រីថ្នាក់សាខា ចំនួន ១២ * មេដាយការងារ សម្រាប់មន្ត្រីថ្នាក់កណ្តាលចំនួន ១២ និងមន្ត្រីថ្នាក់សាខា ចំនួន ១៧ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner