សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ។

សូមជម្រាបថា បន្ទាប់ពីបានមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញជួបថ្នាក់ដឹកនាំ កម្ពុជាចំនួន ៣រូប មានដូចជា៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយនៅព្រឹកថ្ងៃទី១៣សីហា ឯកឧត្តម វ៉ាង យី ក៏បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

តាមការគ្រោងទុក បន្ទាប់ពីជួបសម្តេចតេជោ ហ៊ុន សែន ហើយនោះ ឯកឧត្តម វ៉ាង យី ក៏នឹងបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ហើយនៅមុនចាកចេញពីកម្ពុជានាល្ងាចថ្ងៃទី១៣សីហា ឯកឧត្តម រដ្ឋមន្ត្រីការបរទេសចិន ក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ផងដែរ ។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតាមការអញ្ជើញ របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាដំណើរទស្សនកិច្ចលើកដំបូង របស់ឯកឧត្តម វ៉ាង យី ក្រោយត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជាថ្មី កាលពីខែកក្កដា ឆ្នាំ២០២៣ ហើយក៏ជាដំណើរទស្សនកិច្ច ដើម្បីលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ចំខួប៦៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស នឹងពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលត្រូវបានដាក់ចេញ ក្នុងដំណើរទស្សនិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន កាលពីដើមឆ្នាំ២០២៣ ។
សូមរំលឹកដែរថា ឯកឧត្តម វ៉ាង យី បានធ្វើទស្សនកិច្ចចុងក្រោយនៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

