កីឡាករ ទៀ ស្យាម៖ Asia Cross ឆ្នាំនេះ រំពឹងថា នឹងធ្វើបានល្អទោះបីមានកីឡាករចូលរួមច្រើន និងខ្លាំងក៏ដោយ
ប៉ាតាយ៉ា៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross Country Rally 2023 បានធ្វើពិធីបើក និងដង្ហែរថយន្ត និងម៉ូតូឆ្ពោះទៅតំបន់ Walking Street នាទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។
កីឡាករ ទៀ ស្យាម ក្រុមប្រណាំង Siam Prototype បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ មានកីឡាករចូលរួមច្រើនជាងឆ្នាំមុន និងមានកីឡាករខ្លាំងៗ ដូចជា ថៃ ជប៉ុន និងឥណ្ឌូនេស៊ីជាដើម។ តែទោះបីជាយ៉ាងណា អ្នកប្រណាំងមកពីក្រុម Siam Prototype រូបនេះ ដាក់ក្តីរំពឹងខ្ពស់ថា នឹងធ្វើអោយបានល្អ ពីព្រោះឆ្លងកាត់បទពិសោធន៍ឆ្នាំ២០២២ យើងបានមើលឃើញពីចំនុចខ្វះខាតច្រើនយកមកកែលម្អដើម្បីពង្រឹងរកបច្ចេកទេសថ្មី ជាមួយនឹងរថយន្តថ្មី និងក្រុមការងារជាងប្រកបដោយសក្តានុពល។ កីឡាករ ទៀ ស្យាម បន្ថែមថា ដំណាក់កាលទី១ គឺជាផ្លូវប្រណាំងប្រជែងល្បឿន ដូច្នេះត្រូវប្រុងប្រយ័ត្ន នឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីទទួលលទ្ធផលល្អជូនកម្ពុជា និងក្រុមហ៊ុនជាដៃគូឧបត្តម្ភទាំងក្នុងប្រទេស និងក្រៅប្រទេស។
តាមការបញ្ជាក់ពីគណកម្មការ Asia Cross បានអោយដឹងថា ដំណាក់កាលទី១ (Leg1) នៅថ្ងៃស្អែក ត្រូវប្រណាំងលើចម្ងាយផ្លូវសរុប៣៨៤គីឡូម៉ែត្រ រីឯផ្លូវប្រណាំង២០៦គីឡូម៉ែត្រ ពីទីក្រុងប៉ាតាយ៉ា ឆ្ពោះទៅខេត្តប្រាឈីនបូរី។
សូមបញ្ជាក់ថា Asia Cross Country Rally 2023 មានកីឡាករ១១ប្រទេស ក្នុងតំបន់អាស៊ានចូលរួម និងកីឡាករខ្លាំងជាច្រើនទៀតដូចជា ឥណ្ឌា តៃវ៉ាន់ អូស្រ្តាលី និងអាមេរិក ខណៈកម្ពុជា មានរថយន្តប្រណាំង២គ្រឿង និងម៉ូតូ២គ្រឿងចូលរួម។ កម្មវិធីប្រណាំងនឹងចាប់ផ្តើមពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែសីហា ចាប់ផ្តើមពីទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ឆ្ពោះទៅបញ្ចប់នៅខេត្តចំប៉ាសាក់ប្រទេសឡាវ លើចម្ងាចផ្លូវសរុប២០០០គីឡូម៉ែត្រ៕ចាន់ វិចិត្រ