រដ្ឋបាលជលផល៖ ប្រភេទត្រី ស៊ីសាច់មនុស្ស ដែលឈ្មួញលួចនាំចូលមកកម្ពុជា ត្រូវបានដកហូតបំផ្លាញចោលហើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋបាលជលផល​ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣​ថា ប្រ​ភេ​ទត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ជាត្រីដែលគ្រោះថ្នាក់បំផុត ឬកម្ពុជា ហៅថា ប្រភេទត្រីចាប ដែលឈ្មួញបានលួចនាំចូ​ល​យកមកកម្ពុជានោះ ត្រូវបានដកហូតបំផ្លាញចោលអស់​ហើយ។

លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានប្រាប់ឱ្យដឹង​ថា ត្រីប្រភេទស៊ីសាច់នេះ នៅកម្ពុជា ហៅថាត្រីចាប ដោយត្រីចា​បនេះ មានប្រភេទខ្លះកាចសាហាវ និងខ្លះមិនសូវកាចសាហាវទេ ហើយត្រីប្រភេទនេះ តាមច្បាប់គឺ​មិនត្រូវបានអនុញ្ញាតឱ្យ​នាំចូលជាដាច់ខាត ប៉ុន្តែមានឈ្មួញខ្លះលួចនាំចូលដោយលួចលាក់តាមប្រភពផ្សេងៗ។

លោកបានបញ្ជាក់ថា ៖ «ក្រោយពីបានទទួលព័ត៌មានតាមរយៈការចែករំលែកនៅលើបណ្តាញសង្គមនានារួចមក មន្រ្តីជំនាញនៃរដ្ឋបាលជលផល បានចុះទៅដល់ទីតាំងលក់ត្រី ដែលបាននាំចូលប្រភេទត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ដោយបានធ្វើការណែនាំដកហូតត្រីទាំងនោះយកទៅបំផ្លាញចោលរួចហើយ និងបានឱ្យអ្នកលក់នោះធ្វើកិច្ចសន្យា បញ្ឈប់ការនាំចូលប្រភេទត្រីនេះ និងត្រូវលុបវីដេអូ ដែលបានបង្ហោះជាសាធារណៈផងដែរ»។

បើតាម លោក ខូវ​ គួង វីដេអូ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថ្មីៗនេះ ជាវីដេអូកើតមានយូរដែរហើយ​មិនមែនថ្មីៗនេះទេ ដោយករណីរដ្ឋបាលជលបានធ្វើការងារចប់សព្វគ្រប់ហើយ តែទើបមានអ្នកយកទៅកាត់ត និងបង្ហោះឡើងវិញ ដែលនាំឱ្យសាធារណជនមានការភ្ញាក់ផ្អើលបែបនេះ ខណៈដែលត្រីទាំងនោះត្រូវបានជលផលបំផ្លាញចោលអស់យូរ​មក​ហើយ។

បើតាមអនុប្រធានរដ្ឋបាលជលផលដដែក​ ត្រីស៊ីសាច់មនុស្ស «ពិរ៉ាន់យ៉ា» ឬកម្ពុជា ហៅថា ប្រភេទត្រីចាបនេះ មិនមានវត្ត​មាននៅកម្ពុជានោះទេ ហើយរដ្ឋបាលជលផល ក៏មិនអនុញ្ញាតឱ្យមានការនាំចូលយកមកលក់ ឬចិញ្ចឹមនោះទេ ហើយបើអ្ន​កលក់នៅតែគឃ្លើនលួចនាំចូល​នោះនឹងមានការចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបថា ត្រីពិរ៉ាន់យ៉ា (Piranha) មានឈ្មោះខាងវិទ្យាសាស្ត្រហៅថា Serrasalmas spp ជាត្រីទឹកសាប ១ក្រុម ដែ​លត្រូវបានចាត់ចូលទៅក្នុងត្រកូលត្រី ស៊ើរ៉ាសាល់ម៉ាស់ (Serrasalmas) ដែលត្រីក្នុងក្រុមនេះ មានទាំងអស់ ២៥ ប្រភេ​ទ តែ​មានតែ ៤ប្រភេទប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វដទៃទៀត។

ត្រីពិរ៉ាន់យ៉ា ស៊ីសាច់ឆៅជាអាហារ ច្រើនតែរស់នៅរួមគ្នាជាហ្វូងខ្នាតធំ ប្រទះឃើញមានច្រើននៅក្នុងទន្លេអាម៉ាហ្សូន និងទន្លេជាច្រើនទៀតក្នុងទ្វីបអាមេរិកខាងត្បូង។ មានធ្មេញមុតស្រួច រាងត្រីកោណខ្នាតធំ ផ្នែកខាងក្បាលមានទំហំធំ មានសា​ច់ដុំបរិវេណថ្ពាល់រឹងមាំ សម្រាប់ប្រើត្របាក់ខាំស៊ីសាច់សត្វណា ដែលធ្លាក់ចូលទៅជិតកន្លែងរស់នៅរបស់ពួកវាជាអាហារ។ ជាពិសេសសត្វដែលកំពុងភ្ញាក់ផ្អើល ឬស្ថិតក្នុងសភាវទន់ខ្សោយមានរបួស។ សំឡេងគ្រុងគ្រាំងរបស់ទឹក ដែលខ្ទាតខ្ចាយ នឹងទាក់ទាញត្រីពិរ៉ាន់យ៉ា ឱ្យចូលមកយ៉ាងឆាប់រហ័ស ដោយត្រីពិរ៉ាន់យ៉ា នឹងប្រើធ្មេញដែលមុតស្រួចនោះ ខាំស៊ីសាច់របស់សត្វធំៗ រហូតធ្លុះទៅដល់ឆ្អឹងកងខ្នង បានត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពកាចសាហាវរបស់ត្រីពិរ៉ាន់យ៉ា ខុសប្លែកពីគ្នាទៅតាមប្រភេទនីមួយៗ តែគេជឿថា ត្រីពិរ៉ាន់យ៉ាគ្រប់ប្រភេទ អាចហឹតចាប់ក្លិនឈាមនៅក្នុងទឹកបានដូចត្រីឆ្លាមដែរ។

ត្រីពិរ៉ាន់យ៉ាមានដងខ្លួនសំប៉ែត ពោះទូលាយ ស្រដៀងត្រីកន្ត្រប់របស់ខ្មែរយើងដែរ។ ត្រីពិរ៉ាន់យ៉ា ប្រភេទនីមួយៗ មានពណ៌​អុចៗនៅលើដងខ្លួនខុសប្លែកពីគ្នា ស្រកាបរិវេណម្ដុំពោះ មានរាងជាបន្លាៗ ស្រដៀងធ្មេញរណាចំនួន ២៤–៣១គ្រាប់ មានអាវុធសំខាន់គឺ “ធ្មេញ” ដែលមានតែ ១ជួរ ជារាងត្រីកោណ និងមុតខ្លាំងណាស់ អាចខាំសាច់ឆៅឱ្យដាច់យ៉ាងងាយស្រួល៕

ដោយ៖វណ្ណ សុជាតា

ads banner