សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ​បង្កើតសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀ​ងអាហារ

ភ្នំពេញ៖ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បាននឹងកំពុងចងក្រងសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំ​ពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ»  សម្រាប់ជាផែនទីចង្អុលផ្លូវមួយ​​ដល់​អ្នកធ្វើការងារចងក្រងសហគមន៍ ​ពិសេស​ដល់កសិករដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យស្បៀងអាហារ​អាចប្រើប្រាស់​សម្រាប់ជំរុញដ​ល់រដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យស្បៀងអាហារនៅ​កម្ពុជា។

លោក ថេង សាវឿន ប្រធាន​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា​ថា សៀ​វភៅនេះ នឹងរួមចំណែកជំរុញដល់រដ្ឋាភិបាលឱ្យគិតគូរ និងយកចិត្តទុកដាក់​បញ្ចូលកសិករខ្នាតតូចក្នុងវិស័យ​ស្បៀងអាហារ ​ក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវប្រព័ន្ធការពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចកម្មករ កម្មករិនីកាត់ដេរផងដែរ។

លោកបន្តថា ​នៅកម្ពុជា ភាគច្រើននៃកសិករជាអ្នកផលិតស្បៀង មិនបានយ​ល់ដឹងស៊ីជម្រៅពីវិស័យស្បៀង និងផលប៉ះពាល់នៃសុខភាព រួមជាមួយនឹងការថែទាំសុខភាពច្រើននោះទេ។

លោក ថេង សាវឿន បាន​រំលេចថា ៖ «សម្រាប់ថេរវេលា​នៃការចងក្រងសៀវភៅនេះ គឺ​យើងចាប់ផ្តើម សរសេ​រពីចុងឆ្នាំ២០២២ ហើយយើងគ្រោងបញ្ចប់ និងផ្សព្វផ្សាយសៀវភៅគាំពារសង្គមក្នុងវិស័យកសិ-ស្បៀ​ងអាហារនេះ នៅក្នុង​ខែតុលា ឆ្នាំ២០២៣នេះ។ សម្រាប់ការគាំទ្រឧត្ថម្ភសៀវភៅនេះ យើងទទួលបានមូលនិ​ធិពីរាជរដ្ឋាភិបាលប៊ែលហ្សិក​តាមរយៈអង្គការអុកស្វាម​ប្រចាំកម្ពុជា»។

​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ បានរៀបចំវគ្គសិក្ខាសាលាមួយស្តីពី ការពង្រឹងសមត្ថភាព និងចងក្រ​ងសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» រយៈពេលពីរថ្ងៃកាល​ពីថ្ងៃទី៩​ ដល់ថ្ងៃទី១០ ខែសីហា​ កន្លងទៅនេះ​ដល់បុគ្គលិកទាំងអស់របស់មាគម​ ដើម្បីបង្កើនការយល់ដឹង​ពីរបៀ​បរៀបចំតាក់តែងចងក្រងសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ តាមរយ​:ការ​ពង្រីកវិសាលភាព និងចំណេះដឹង​ពីយន្តការជំរុញឱ្យមានកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន។  ​

​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ បានប្រាប់ឱ្យដឹងនៅ​ថ្ងៃទី១៣ ខែសីហា ផងដែរ​ ដោយកញ្ញាថា ​ក្រសួងគាំទ្រចំពោះការចងក្រងសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» នេះ ព្រោះវាជារឿងល្អ និងជារួមចំណែកមួយរបស់អង្គការសង្គមស៊ីវិល នៅក្នុ​ង​ការជួយគាំទ្រដល់ប្រជាកសិករ សម្រាប់ការចងក្រងជាសហគមន៍នេះ​។

កញ្ញា​បានប្រាប់ថា ការចងក្រងជាសហគមន៍កសិករ គឺជារឿងដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ បានយកចិត្តដាក់ និងលើកទឺកចិត្ត​ឱ្យមានការចងក្រងជាសហគមន៍ឱ្យបានច្រើន ព្រោះការចងក្រងស​ហ​គមន៍នេះ អនុញ្ញាត​ឱ្យប្រជាកសិករមានឱកាសឈាន​ទៅទទួលបាននូវចំណេះដឹង និងបច្ចេកទេសក្នុងកា​រធ្វើកសិកម្ម ជាពិសេសគឺ​ធ្វើ​ឱ្យកសិករ មានអំណាចក្នុងការតថ្លៃជាមួយឈ្មួញ និងអាជីវករនៅក្នុងទីផ្សារដោយផ្ទាល់ផងដែរ។

កញ្ញា អ៊ឹម រចនា បញ្ជាក់​ថា ៖ «នៅក្នុងអាណត្តិថ្មីនេះ ការចងក្រងជាសហគមន៍កសិករ គឺជាគោលន​យោបាយ​អាទិភាពមួយដែលក្រសួងដាក់ចេញ និងជំរុញសម្រេច​ឱ្យបានកាន់តែល្អប្រសើរ នៅក្នុងអាណត្តិនេះ» ។​

​យោងតាម​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បាន​លើកឡើងដែ​រថា ការ​ប្រមូលចងក្រងសៀវភៅនេះ គឺជាការ​ប្រមូលនូវ​បទពិសោធន៍បច្ចេកទេស ការណែ​នាំ​ពីវិធីសាស្រ្តរៀបចំផែនការចងក្រង និងកំណត់ក្រុមគោលដៅស្រ្តីក្នុងវិស័យកសិ-ស្បៀងអាហារ ដោយ​​ឱ្យប្រជាកសិករ​​ទទួលបានប្រយោជន៍នៃគោលនយោបាយ និងច្បាប់គាំពារសង្គមរបស់រាជរដ្ឋាភិបាលផងដែរ​។

ប្រភពដដែល​បន្តថា ​ដើម្បីជាការ​ឆ្លុះបញ្ចាំងកត្តាខាងក្នុង និង​ខាងក្រៅដែលបានរួមចំ​ណែ​កដល់ភាពជោគជ័យ ឧបសគ្គ កត្តាប្រឈមហានិភ័យ នៃការចងក្រង និងដាក់បញ្ចូលធាតុចូលសំខាន់ៗនៃយន្តការគន្លឹះអាទិភាពរបស់សមាគមក្នុងការឆ្លើយតបការអភិវឌ្ឍន៍ស្ថាប័នប្រកបដោយអភិបាលកិច្ច។ 

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ បញ្ជាក់ទៀតថា ៖ «ការរពង្រីកប្រព័ន្ធគាំពារសង្គម គឺជាគោលដៅមួយក្នុងចំណោមគោលដៅដើម្បីបញ្ចប់ភាពក្រីក្រក្រោមគោលនយោបាយក្របខ័ណ្ឌកិច្ចគាំពារសង្គមរបស់ប្រទេសកម្ពុជាឆ្នាំ២០២៥»៕ដោយ៖គឹម យុត្ថារ៉ូ

ads banner