អេហ្ស៊ីបច្រានចោលសម្ពាធរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនសព្វាវុធទៅឱ្យអ៊ុយក្រែន
គែរ៖ យោងតាមសេចក្តីរាយការណ៍ អេហ្ស៊ីបបានច្រានចោលសំណើក្នុងការបញ្ជូនសព្វាវុធទៅឱ្យទីក្រុងកៀវ ខណៈដែលទីក្រុងគែរព្យាយាមរក្សាអព្យាក្រឹតភាពលើជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញអត្តសញ្ញាណថា សហរដ្ឋអាមេរិកបានស្នើឱ្យអេហ្ស៊ីបផ្គត់ផ្គង់មីស៊ីលប្រឆាំងរថក្រោះ, ប្រព័ន្ធការពារដែនអាកាស និងអាវុធធុនតូចទៅឱ្យអ៊ុយក្រែន។
សំណើនេះត្រូវបានធ្វើឡើងក្នុងឱកាសជាច្រើន ក្នុងនោះរួមមានក្នុងអំឡុងកិច្ចប្រជុំខែមីនា រវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន និងប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី នៅក្នុងទីក្រុងគែរ។
កាសែតនេះបានចេញផ្សាយថា នៅក្នុងការសន្ទនាជាមួយមន្ត្រីអាមេរិកនាពេលនោះ អេហ្ស៊ីបមិនបានបដិសេធសំណើនេះទេភ្លាមៗទេ ប៉ុន្តែមន្ត្រីអេហ្ស៊ីបបាននិយាយជាលក្ខណៈឯកជនថា អេហ្ស៊ីបមិនមានគម្រោងបញ្ជូនសព្វាវុធទៅឱ្យអ៊ុយក្រែនទេ។ សារនោះទំនងជាមិនបានទៅដល់ទីក្រុងវ៉ាស៊ីនតោនទេ។
បន្ថែមលើនេះ មន្ត្រីអេហ្ស៊ីបក៏បានសម្រេចចិត្តមិនចូលរួមក្នុងការបញ្ជូនសព្វាវុធទៅឱ្យអ៊ុយក្រែនផងដែរ ហើយបានច្រានចោលសំណើម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិក ក្នុងការផលិតគ្រាប់កាំភ្លើងធំ និងអាវុធផ្សេងទៀតដែលត្រូវការសម្រាប់ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា