ក្រសួងបរិស្ថានសហការជាមួយក្រសួងចំនួន៣ ពង្រឹងការគ្រប់គ្រងសំណល់ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាព នៅតាមទីលានទុកដាក់សំរាម សំណល់រឹង

(ភ្នំពេញ)៖ សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.) នៃក្រសួងបរិស្ថាន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ(អ ស ផ ស) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) ដើម្បីពង្រឹងការគ្រប់គ្រងឲ្យបានល្អ លើសំណល់ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ នៅទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ និងអនាម័យបរិស្ថាន់។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅ នៅថ្ងៃចន្ទទី១៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិតបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ក.ប.ប. ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក អ ស ផ ស ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថានជាច្រើនរូបទៀត។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
១) ស.ទ.ស. សហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ក្នុងការប្រមូល ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ដែលរឹបអូសបានយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ និងអនាម័យបរិស្ថាន ។
២)ស.ទ.ស. សហប្រតិបត្តិការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ស្ដីពីការដឹកជញ្ជូនទំនិញក្លែងក្លាយ និងទំនិញផុតរយៈពេលប្រើប្រាស់ ដែលរឹបអូសបាន យកទៅទុកដាក់នៅទីលានទុកដាក់ សំរាម សំណល់រឹង ។

និង៣)ស.ទ.ស. សហប្រតិបត្តិការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (អ ស ផ ស) ស្ដីពីការដឹកជញ្ជូនសាកសពសត្វ សំណល់សាច់សត្វ និងផលិតផលសាច់សត្វគ្រប់ប្រភេទ ដែលរឹបអូសបាន ដើម្បីយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង។

រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយ ដែលមានបទដ្ឋានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតនៅផ្លូវជាតិលេខ៥១ នៃស្ថានីយស្តារ និងផ្សព្វផ្សាយព្រៃឈើទួលព្រេច ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបម្រើឲ្យការគ្រប់គ្រងសំណល់ សំរាម របស់រាជធានីភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ។ ជាមួយគ្នានេះ ទីលានដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បានសាងសង់រួចហើយដែរ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និង ខេត្តស្វាយរៀង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner