ក្រសួងកសិកម្មព្រមានចាត់វិធានការអ្នកនាំត្រីពីរ៉ាន់ញ៉ាចូលក្នុងប្រទេសកម្ពុជា (Video Inside)

ការនាំត្រីដែលស៊ីសាច់អាហារ និងបង្កគ្រោះថ្នាក់ដល់ពូជត្រីក្នុងប្រទេសកម្ពុជា បានជំរុញឱ្យក្រសួងកសិកម្មបានចេញសេចក្តីអំពាវនាវដល់ពលរដ្ឋ ជួយធ្វើកិច្ចសហការទប់ស្កាត់។

សេចក្តីប្រកាសមួយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១៣សីហា បានអំពាវនាវពលរដ្ឋសូមសហការ រាយការណ៍ជុំវិញការនាំត្រី Piranha ពីរ៉ាន់ញ៉ា ដែលជាពូជត្រីសាហាវមកពីទ្វីបអាមេរិកខាងត្បូង ចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយមានសេចក្តីរាយការណ៍នូវក្រុមហ៊ុនឯកជនមួយដែល បាននាំពូជត្រីដ៏កាចសាហាវនេះចូលមកក្នុងប្រទេសកម្ពុជានោះ, ក្រសួងកសិកម្ម បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ ម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលត្រីពីរ៉ាន់ញ៉ា ដែលបាននាំចូលមកពីខាងក្រៅនោះរួចរាល់ហើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាន។

ក្រសួងកសិកម្មបានបន្តថា ចំពោះប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផល ដើម្បីចាត់វិធានការសមស្រប។ ក្រសួងបានដាស់តឿនទៀតថា ចំពោះអ្នកណាដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែងចូលបឹងធម្មជាតិ ប៉ុន្តែត្រូវតែប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត។

ads banner