វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ខេត្តក្រចេះ ផ្អាកការសិក្សាក្រោយរកឃើញគ្រាប់កប់ក្នុងដី (Video Inside)

វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ នៃខេត្តក្រចេះ ត្រូវបានផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្រោយមានការរកឃើញថាមានគ្រាប់មិនទាន់ផ្ទុះកប់ក្នុងបរិវេណសាលានោះ ចំនួនជាង២ ពាន់គ្រាប់។

យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC គ្រាប់មិនទាន់ផ្ទុះ ចំនួន ២ពាន់ ១១៦គ្រាប់ ត្រូវគេរកឃើញក្នុងរយៈបីថ្ងៃជាបន្តបន្ទាប់មកនេះ នៅក្នុងបរិវេណសាលា ដែលស្ថិតក្នុងសង្កាត់ក្រុងក្រចេះ។

សេចក្តីរាយការណ៍បញ្ជាក់ថា គ្រាប់មិនទាន់ផ្ទុះទាំងនេះ គឺជាគ្រាប់ដេលសេសសល់ ពីអតីតសម័យសង្គ្រាម។ គ្រាប់ដែលរកឃើញទាំងនោះ រួមមានប្រភេទគ្រាប់ M 79 ចំនួន ២ពាន់ ៣៣គ្រាប់, គ្រាប់ដេកា75 ចំនួន៦៣គ្រាប់, គ្រាប់កិបអឹម48 ចំនួន១៨គ្រាប់, គ្រាប់បេ៤០មួយគ្រាប់ និងគ្រាប់ហាស់107 ចំនួន១គ្រាប់។

អង្គការស៊ីម៉ាក់បានថ្លែងថា ដោយសារតែក្តីបារម្ភខ្លាចក្រែងក្នុងបរិវេណសាលា នឹងអាចមានគ្រាប់មិនទាន់ផ្ទុះកប់ក្នុងដីសេសសល់ជាច្រើនទៀតនោះ ទើបគេបានស្នើឱ្យមានការបិទសាលារៀននេះបណ្តោះអាសន្នសិន ដើម្បីទុកឱ្យក្រុមជំនាញស្វែងរក និងប្រមូលគ្រាប់មិនទាន់ផ្ទុះចេញ ពីក្នុងបរិវេណសាលា។

ការរកឃើញគ្រាប់ទាំងនេះ គឺនៅបន្ទាប់ពីសាលាត្រូវបានជួសជុលអាគារ និងចាក់សាបសាឡើងវិញ កាលពីថ្ងៃទី១១សីហា ដែលនាពេលនោះ ក្រុមជាងបានប្រទះឃើញគ្រាប់ទាំងនេះកប់នៅក្នុងដី។

យោងតាមរបាយការណ៍របស់ស៊ីម៉ាក, ចាប់ពីឆ្នាំ១៩៧០ ដល់ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារជាន់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួនជិត ២ម៉ឺននាក់ រងរបួសជាង ៤ម៉ឺន ៥ពាន់នាក់។

ads banner