យុវជនទៅបោះតង់នៅលើភ្នំត្បែង ជួយផ្សព្វផ្សាយការអភិរក្សធនធានធម្មជាតិ និងទេសចរណ៍ធម្មជាតិនៅកម្ពុជា

ខេត្តព្រះវិហារ៖ ក្រុមយុវជន អ្នក ដើរព្រៃកម្ពុជា ដែលមកពីស្ថាប័ន នានា ប្រមាណជាង ២០០ នាក់ បានប្រមូលផ្តុំនាំគ្នាទៅបោះតង់នៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៃតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង ខេត្ត ព្រះវិហារ នាពេលថ្មីៗកន្លងមកនេះ ដើម្បីកៀរគរឱ្យក្រុមមនុស្សផ្សារភ្ជាប់នឹងធម្មជាតិ ស្រឡាញ់បរិស្ថាន និង ពិសេស ផ្សព្វផ្សាយ តំបន់ ទេសចរណ៍សំខាន់ៗ ដែលជាទីកន្លែងវប្បធម៌ ប្រវត្តិសាស្រ្ត នៅលើទឹកដី ខេត្ត ព្រះវិហារ។

គួរបញ្ជាក់ថាក្រុមយុវជនអ្នកដើរព្រៃកម្ពុជាដែលបានមកធ្វើការបោះតង់លើភ្នំត្បងមានជ័យនេះគឺបាន មកចូលរួមក្នុងកម្មវិធីកីឡារត់ឡើងភ្នំ បោះតង់ និង សម្បុរសធម៌ នៅលើ ភ្នំត្បែង ខេត្ត ព្រះវិហារ ចាប់ពីថ្ងៃទី ១១-១៣ ខែ សីហា ឆ្នាំ ២០២៣។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានថ្លែងថា៖ការចូលរួមរបស់យុវជន កាន់តែច្រើនក្នុងការកម្សាន្តតាមតំបន់ធម្មជាតិ បានបង្ហាញពីការស្រឡាញ់ធម្មជាតិ ស្រឡាញ់ទឹកដី និងពិសេសជាងនេះ គឺការចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការជំរុញទេសចរណ៍ធម្មជាតិ គឺស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានកំណត់គឺទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សេដ្ឋកិច្ចជាតិ និងជំរុញឱ្យមានការស្រឡាញ់ធម្មជាតិ និងបរិស្ថាន។

ឯកឧត្តម អនុរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ប្រជាពលរដ្ឋបានទទួលចំណូល តាមរយៈការផលិតនូវស្បៀង បានសេចក្តីថាការនាំចេញនៅនឹងកន្លែង ក្នុងនោះមានដូចជា បានដំណាំផ្សេងៗ ដូចជាបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ហើយអាច លក់ទៅឱ្យក្រុមអ្នកទេសចរណ៍។ វាជាការបំពេញនូវស្បឿងអាហារប្រចាំថ្ងៃ និងប្រាក់ចំណូលក្នុងសហគមន៍ក៏ដូចជាក្រុមគ្រួសារ យ៉ាងសំខាន់។

កញ្ញា លី ណាវី ដែលបានមកចូលរួមក្នុង កម្មវិធីកីឡារត់ឡើងភ្នំ បោះតង់ និង សម្បុសធម៌នៅលើភ្នំត្បែងនេះ បានឱ្យដឹងថា កញ្ញាទើបតែមកលើកទី១ទេ ប៉ុន្តែមានអារម្មណ៍ថា សប្បាយរីករាយណាស់ ជាមួយនឹងការបោះតង់ក្បែរមាត់ជ្រោះ ដែលមានសម្រស់ធម្មជាតិ យ៉ាងស្រស់ស្អាតគ្មានពីរ និងប្រកបដោយបរិស្ថានស្អាតល្អ គួរជាទីគយគន់។

កញ្ញា សិទ្ធ អ៊ីណា មកពីរាជធានីភ្នំពេញដែលបានមកចូលរួមកម្មវិធីបោះតង់ នេះដែរបញ្ជាក់ប្រាប់ថា ៖កញ្ញាទើបតែមកដល់កន្លែងនេះលើកដំបូង ហើយការឡើងភ្នំដែលមានឧបសគ្គ និង នឿយហត់បន្តិចពិតមែន តែពេលមកដល់តំបន់ទឹកធ្លាក់តាំងយូរ ពិតជាសប្បាយរីករាយខ្លាំងណាស់ ហើយបើក្រឡេកមើលវិស័យទេសចរណ៍ នៅទីកន្លែងនេះក៏ដូចជាកន្លែងដទៃទៀត ពិតជាមានសម្រស់ស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹមទេ។

កញ្ញា ស្រី ល័ក្ខ មកពីរាជធានីភ្នំពេញបានប្រាប់ថា”ការបង្កើតកម្មវិធីនេះឡើងគឺពិតជាល្អមែនទែនសម្រាប់យុវជនចូលចិត្តការដើរលេងបោះតង់ តំបន់ព្រៃភ្នំ និងតំបន់ទេសចរណ៍នានា។ទាំងនេះដោយសារពួកគាត់បានមកចូលរួមហើយអាចផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់អ្នកដែលគាត់មិនទាន់បានមក”។

លោក ហ៊ុយ គឹមហេង យុវជនមួយរូបបានចូលរួមកម្មវិធីនេះ ដែរបានឱ្យដឹងថា៖មានយុវជនច្រើនណាស់នាពេលបច្ចុប្បន្ន ដែលបានស្រឡាញ់ការដើរកម្សាន្តបែបបោះតង់តាមព្រៃភ្នំ។ហេតុនេះហើយលោកចង់ឱ្យយុវជន ចូលរួមផ្សព្វផ្សាយ ក៏ដូចជាចូលរួមអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើនឈានទៅមុខថែមទៀត។

ដោយឡែក លោក ចាន់ វ៉ាន់ណូ ប្រធាន សហគមន៍ តំបន់ ការពារធម្មជាតិតាំងយូរ ស្ថិតនៅក្នុងភូមិ សេដ្ឋកិច្ច ឃុំឈានមុខ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ បានឱ្យដឹងថា៖នៅសហគមន៍ របស់លោកមានទីតាំងទឹកធ្លាក់ចំនួនជាង១០កន្លែង មានល្អាងភ្នំ ហើយក្រៅពីនេះក៏មានទីវត្តអារាម ជាទីកន្លែងទាក់ទាញលើជំនឿសាសនា តំបន់ថ្មបីដុំ តំបន់ថ្មតាំងយូរ ដែលជាភាពល្បីល្បាញ នៃ លោក តាសួង បានមកតាំងសមាធិកាលពីមុនមក។

លោកបានប្រាប់បន្ថែមថា”អ្នកទេសចរណ៍មកកម្សាន្តទីនេះមានលក្ខណៈ២បែប យ៉ាងសំខាន់គឺទីមួយ មកកម្សាន្តសប្បាយរីករាយជាមួយធនធានធនម្មជាតិ និងទី ២មកតាមលក្ខណៈមានជំនឿលើទីតាំងវប្បធម៌និងប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ភ្នំត្បែងនេះ ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃសរុប ២៥.២៦៩,៤១ហ.ត ដោយក្នុងនេះលាតសន្ធឹងលើស្រុកចំនួន ០៤ និងក្រុងចំនួន ០១គឺ ស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី ស្រុកគូលែន ស្រុករវៀង និងក្រុងព្រះវិហារ៕

អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ, រូបភាព៖ MoE លោក ងីមឆៃហួត និងលោក មឿង គឹមរ៉ុង

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner