រដ្ឋមន្ត្រីការពារជាតិចិន បំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស

មូស្គូ៖ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស ខណៈដែលបណ្ដាប្រទេសលោកខាងលិចបានព្យាយាមដាក់ប្រទេសទាំងពីរឱ្យនៅឯកោ ជុំវិញការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន។​

ក្រសួងការពារជាតិចិនបានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដោយដកស្រង់សម្តីអ្នកនាំពាក្យ លោក វូ ឈាន (Wu Qian) ថា លោក លី បានចាកចេញពីប្រទេសចិនកាលពីថ្ងៃចន្ទ។ ដំណើរទស្សនកិច្ចនេះមានរយៈពេល ៦ ថ្ងៃ ហើយលោក លី នឹងថ្លែងសុន្ទរកថានៅឯសន្និសីទទីក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិ និងចូលជួបជាមួយមន្ត្រីមេដឹកនាំក្នុងក្រសួងការពារជាតិរុស្ស៊ី និងប្រទេសដទៃទៀត។​

ទីភ្នាក់ងារសារព័ត៌មាន TASS ផ្លូវការរបស់រុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នឹងថ្លែងនៅក្នុងសន្និសីទអំពីប្រធានបទ«ការស្វែងរកប្រទេសភាគច្រើននៅលើពិភពលោក សម្រាប់ការអភិវឌ្ឍក្រៅយន្តការលោកខាងលិច រួមទាំងការពង្រឹងសមាគមពហុភាគីថ្មីមួយ»។ ទីភ្នាក់ងារសារព័ត៌មាននេះបានបន្ថែមថា មានតំណាងមកពីប្រមាណជា ១០០ ប្រទេស និងអង្គការអន្តរជាតិចំនួន ៨ ស្ថាប័នត្រូវបានអញ្ជើញឱ្យចូលរួម។​

ប្រភពដដែលបានបន្ថែមថា ៖ «ពួកគេទំនងជានឹងពិភាក្សាអំពីទិដ្ឋភាពផ្សេងៗនៃសន្តិសុខនៅក្នុងលក្ខខណ្ឌនៃការបង្កើ​តសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល មធ្យោបាយដើម្បីស្តារកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយការស្ថាបនាក្នុងបរិបទដ៏តានតឹងដែលបង្កឡើងដោយពួកឥស្សរជននៅតំបន់អឺរ៉ុប និងដែលចង់ធ្វើការត្រួតត្រាពិភពលោក» នេះ​បើយោង​តាម​អ្នក​នាំ​ពាក្យក្រសួងការបរទេសរុស្ស៊ី។​

នៅពេលមានការសាកសួរអំពីដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ឺនពិន (Wang Wenbin) បានឆ្លើយតបដោយយោងទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ប៉ុន្តែបានបន្ថែមថា មេដឹកនាំចិន និងរុស្ស៊ី បានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រក្រោមរូបភាពផ្សេងៗគ្នានៅលើបញ្ហាផ្សេងៗគ្នា»។​

លោក វ៉ាង បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ៖ «ភាគីទាំងពីរបានជជែក និងផ្លាស់ប្តូរទស្សនៈទៅលើប្រធានបទសំខាន់ៗ រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហានៃក្តីកង្វល់រួមផងដែរ»។ លោកបានបន្ថែមថា ៖ «ប្រទេសទាំងពីរនឹងបន្តជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុ ស្ស៊ី​ ក្នុងយុគសម័យថ្មីនេះ»។ ​

ទន្ទឹមនឹងនេះ លោក ស៊ី ជីនភីង (Xi Jinping)​ ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូកាលពីខែមីនា ដោយបានផ្ញើសារទៅកាន់មេដឹកនាំលោកខាងលិចថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការផ្តាច់ទីក្រុងម៉ូស្គូឱ្យនៅឯកោដោយសារសង្គ្រាមនៅអ៊ុយក្រែន មិនទទួលបានជោគជ័យនោះទេ។​

វត្តមានរបស់លោក លី នៅឯសន្និសីទនេះ ក៏បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិន និងរុស្ស៊ីនឹងធ្វើការសម្របសម្រួលគោលនយោបាយការបរទេសរបស់ពួកគេ ដើម្បីប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោកសេរីនិយម និងប្រជាធិបតេយ្យដែលដឹកនាំដោយលោកខាងលិច បើទោះបីជាត្រូវចំណាយផ្នែកសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះរបស់ពួកគេក៏ដោយ។​

គួរបញ្ជាក់ថា មេដឹកនាំចិនរូបនេះក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្សី និងជាប្រទេសដែលរុស្ស៊ីប្រើប្រាស់សម្រាប់ជាទីតាំងឈរជើងវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុន។ លោក លី ​នឹងចូ​ល​ជួប​ជាមួយក្រុម​មន្ត្រីយោធា ​ទស្សនកិច្ច​ទីតាំង​យោធា និង​ជួប​ពិភាក្សា​គ្នាជាមួយមេដឹកនាំបេឡារុសផងដែរ។​

ប្រទេសចិនតែងតែបាន​ប្រកាន់​ជំហរ​អព្យាក្រឹតជុំវិញសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបាន​ចោទប្រកាន់​អាមេរិក​ថាជាអ្នកបង្ខំប្រទេស​រុស្ស៊ីឱ្យទាល់ច្រក។ បន្ថែមលើនេះ ចិនបាននិងកំពុងរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយទីក្រុងម៉ូស្គូ និងគាំទ្ររុស្ស៊ីប្រឆាំងនឹងការរិះគន់របស់សហរដ្ឋអាមេរិក ប៉ុន្តែនឹងមិនផ្តល់អាវុធយោធាទៅក្នុងជម្លោះនោះទេ៕

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ AP News

Chinese defense minister to visit Russia and Belarus in show of support despite West’s objections

https://apnews.com/article/russia-china-ukraine-defense-minister-49b036d4159dfe2543ce153b9f2ed94d

ads banner