ប្រទេសតួកម៉េនីស្ថាន ចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាបានលើកឡើងថា ប្រទេសតួកម៉េនីស្ថាន មានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជានិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។

ឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាបានថ្លែងដូចនេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយនឹងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាទីស្ដីការក្រសួងទេសចរណ៍ កាលរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

ប្រភពក្រសួងទេសចរណ៍ ឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ បានថ្លែងថា តួកម៉េនីស្ថាន មានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើនផងដែរ។

លោកបានបញ្ជាក់ថា ៖ «សូមសារទររាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងសម្រេចបាននូវការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ព្រមទាំងទទួលបាននូវចំនួនភ្ញៀវទេសចរកើនឡើងបណ្ដើរៗឡើងវិញដែរ។ ដោយសារការមើលឃើញពីសក្ដានុពលទេសចរណ៍កម្ពុជាយ៉ាងដូច្នេះហើយ ភាគីតួកម៉េនីស្ថានចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យទេសចរណ៍នេះឱ្យកាន់តែរឹងមាំឡើង ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមក និងទេសចរប្រទេសទី៣»។

លោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ក៏បានថ្លែងដែរថា រដ្ឋាភិបាលតួកម៉េនីស្ថាន មានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសលោកមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

ឆ្លៀតឱកាសនោះ លោកក៏បានស្នើឱ្យមានការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍នៅប្រទេសកម្ពុជា និងនៅប្រទេសតួកម៉េនីស្ថាន ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍រវាងប្រទេសទាំងពីទៅកាន់ប្រតិបត្តិករទេសចរណ៍ ជាការរួមចំណែកសម្រេចបាននូវគោលដៅរួមគ្នាជំរុញរំហូរទេសចរទៅវិញទៅមកថែមទៀត។

ជាការឆ្លើយតបវិញ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានបង្ហាញការគាំទ្រចំពោះគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងបានប្ដេជ្ញាបន្តកិច្ចសហការជាមួយភាគីតួកម៉េនីស្ថានផងដែរ។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ដែរថា ៖ «សូមឱ្យមានការរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងភាគីតួកម៉េនីស្ថាន ដើម្បីជាផែនទីបង្ហាញផ្លូវមួយសម្រាប់អនុវត្តផែនការសកម្មភាពដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងជាសក្ខីភាពដ៏រឹងមាំនៃប់ចំណងមិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ»។

ជុំវិញរឿងនេះ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ នៅថ្ងៃទី១៥ ខែសីហា ក៏បានបង្ហាញការគាំទ្រចំពោះបំណងរបស់តួកម៉េនីស្ថាននេះផងដែរ ដោយលោកប្រាប់ថា ប្រទេសនេះ ក៏ជាប្រទេសដែលមានការរីកចំរើនផ្នែកសេដ្ឋកិច្ចគួរសមដែរ។

លោកថា មុននឹងសម្រេចភ្ជាប់ជើងហោះហើរត្រង់ លោកជឿថា ខាងថ្នាក់ដឹកននាំ ក្រុមធុរកិច្ចជនប្រទេសនោះ គេបានសិក្សារួចរាល់ហើយថានឹងមានផលចំណេញបែបណា។

លោក ហុង វណ្ណៈ បានសង្កត់ធ្ងន់ថា ៖ «ការភ្ជាប់ជើងហោះហើរត្រង់ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជាបន្ថែមទៀត តាមរយៈជំរុញការដឹកនាំជញ្ជូនទំនិញផ្សេងៗទៅវិញទៅមក ការទាក់ទាញកំណើននៃអ្នកធ្វើដំណើរ ដែលអ្នកដំណើរទាំងនោះអាចនឹងចង់មកកម្ពុជា ដើម្បីការវិនិយោគ ធ្វើជំនួញទ្វេភាគី ទេសចរណ៍ និងការសិក្សាជាដើម ដែលនេះសុទ្ធតែជាសញ្ញាល្អសម្រាប់កម្ពុជា»។

បើតាមក្រសួងទេសចរណ៍ តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង៥ ដែលមានកាហ្សាក់ស្ថាន កៀរហ្ស៉ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន ដែលក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ។

នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែនៃឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣,០៤ លាននាក់រួចទៅហើយ៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner