តៃវ៉ាន់ បញ្ជាក់ជំហរមិនថយក្រោយចំពោះដំណើរទស្សនកិច្ចទៅអាមេរិក
តៃប៉ិ៖ «តៃវ៉ាន់នឹងមិនភ័យខ្លាចឬថយក្រោយចំពោះមុខការគំរាមកំហែងបែបផ្តាច់ការនោះទេ!»។ នេះជាប្រសាសន៍របស់អនុប្រធានាធិបតីកោះតៃវ៉ាន់ ប្រាប់ទៅអ្នកគាំទ្រក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ខណៈទីក្រុងប៉េកាំងបានថ្កោលទោសនូវទង្វើរបស់កោះនេះ។
លោក វីល្លៀម ឡៃ៩William Lai) ដែលជាអ្នកមានការគាំទ្រឈានមុខគេសម្រាប់តំណែងជាប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់នៅក្នុងការបោះឆ្នោតខែមករា ពេលនេះគឺកំពុងស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណា ការឈានជើងចូលទឹកដីសហរដ្ឋអាមេរិកនេះ ជាការចុះចតរបស់លោក ដើម្បីនឹងធ្វើដំណើរបន្តទៀតទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដែលជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនប៉ុណ្ណោះ។
បើទោះជាយ៉ាងណា ទាំងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកការចូលចត (Transit stop) គឺជាទម្លាប់ដែលកោះតៃវ៉ាន់តែងតែធ្វើនូវរាល់ពេលធ្វើដំណើរ ប៉ុន្តែប្រទេសចិនបានបរិហារពួកគេ និងបានហៅលោក Lai ថាជាជនបង្កបញ្ហា។
លោក Lai បានប្រាប់អ្នកគាំទ្រនាអាហារថ្ងៃត្រង់នៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យថា ៖ «ប្រសិនបើតៃវ៉ាន់មានសុវត្ថិភាព ពិភពលោកមានសុវត្ថិភាព។ ប្រសិនបើច្រកសមុទ្រតៃវ៉ាន់មានសន្តិភាព នោះពិភពលោកមានសន្តិភាព»។
លោកបាននិយាយទៀតថា ៖ «មិនថាការគំរាមកំហែងនៃលទ្ធិផ្តាច់ការមានឥទ្ធិពលធំធេងយ៉ាងណាចំពោះតៃវ៉ាន់ ពួកយើងនឹងមិនភ័យខ្លាច ឬខ្មាស់អៀននោះទេ យើងនឹងបន្តរក្សាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ពួកយើងឱ្យខាងតែបាន»។
ដោយឡែក លោក Lai បានបញ្ជាក់ជាថ្មីនៅទីក្រុងញូវយ៉កដែរថា ដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសមភាព លោកមានឆន្ទៈយ៉ាងខ្លាំងក្នុងការបើកចិត្តចរចាជាមួយប្រទេសចិន ដើម្បីស្វែងរកដំណោះស្រាយរួមមួយ។
ទោះបីជាមានការបើកចិត្តសម្រាប់ការចរចាក្ដី លោក Lai នៅតែបញ្ជាក់ពីជំហររបស់តៃវ៉ាន់ក្នុងការការពារអធិបតេយ្យភាព និងសង្កត់ធ្ងន់ថា មានតែប្រជាជនរបស់តៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេ ហើយថារវាងសាធារណរដ្ឋចិន និងតៃវ៉ាន់ មិនមាននរណាស្ថិតក្រោមអំណាចនរណានោះទេ។
ទាំងក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោន មានបំណងចង់ឱ្យការឈប់ចូលចតនៅសហរដ្ឋអាមេរិកជារឿងធម្មតា ហើយបានអំពាវនាវដល់ប្រទេសចិនកុំឱ្យចាត់វិធានការបង្កហេតុណាមួយជាការឆ្លើយតប។
ប៉ុន្តែបើតាមមន្ត្រីតៃវ៉ាន់ ប្រទេសចិនទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធានៅសប្តាហ៍នេះនៅជិតកោះតៃវ៉ាន់ ដោយប្រើការចូលសម្រាកនៅសហរដ្ឋអាមេរិករបស់លោក Lai ជាលេសដើម្បីបំភិតបំភ័យប្រជាជនមុនការបោះឆ្នោតឆ្នាំ ២០២៤ និងធ្វើឱ្យពួកគេ មានការភ័យខ្លាចចំពោះការផ្ទុះឡើងនៃសង្គ្រាម។
កាលពីថ្ងៃចន្ទថ្មីៗនេះផងដែរ កងទ័ពរំដោះប្រជាជនចិន ដែលទទួលខុសត្រូវលើតំបន់ជុំវិញកោះតៃវ៉ាន់ បានបង្ហាញរូបភាពនៅលើគណនី WeChat របស់ខ្លួនពីកងទ័ពដែលកំពុងហ្វឹកហាត់វាយលុកលើឆ្នេរមួយ ទោះបីវាមិនបានផ្តល់ទីតាំង ពេលវេលា ឬនិយាយដោយផ្ដោតលើកោះតៃវ៉ាន់ក៏ដោយ។
គួរបញ្ជាក់ថា ប៉ារ៉ាហ្គាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣ ដែលរក្សាទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពិពណ៌នាថាជាមិត្តភាពជាប្រវត្តិសាស្ត្រ៕ ប្រែសម្រួល៖ កែវ បុស្បា