បុរសអូស្រ្តាលីម្នាក់ រងការចោទប្រកាន់ពីបទគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយលើយន្តហោះម៉ាឡេស៊ី
អូស្រ្តាលី៖ បុរសជនជាតិអូស្ត្រាលីម្នាក់រងការចោទប្រកាន់នៅថ្ងៃអង្គារនេះថា បានធ្វើការគំរាមកំហែងបំផ្ទុះគ្រាប់បែកក្លែងក្លាយនៅលើជើងហោះហើរចេញពីអូស្រ្តាលីទៅម៉ាឡេស៊ី ដែលធ្វើឱ្យអ្នកដំណើរភ័យខ្លាច ហើយបង្កការប៉ះពាល់ដល់អាកាសចរណ៍របស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) និយាយថា ជើងហោះហើរ MH122 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលហោះចេញពីទីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលី ទៅកាន់ទីក្រុងកូឡាឡាំពួរ ត្រូវបានបង្ខំហោះត្រឡប់ទៅក្រុងស៊ីដនីវិញ កាលពីរសៀលថ្ងៃចន្ទ នៅពេលបុរសតប់ប្រមល់ម្នាក់អះអាងថា លោកមានគ្រឿងផ្ទុះក្នុងកាបូបស្ពាយរបស់លោក។
ប៉ូលិសបន្តថា MH122 បានហោះចេញពីអាកាសយានដ្ឋានក្រុងស៊ីដនីនៅម៉ោង ១ រសៀល ដោយមានអ្នកដំណើរ ១៩៩ នាក់ និងសមាជិកយានិកយន្តហោះ ១២ នាក់។ យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវបានកើតឡើង MH122 បានត្រឡប់ទៅចុះចតវិញដោយសុវត្ថិភាពនៅលើផ្លូវរត់ទីក្រុងស៊ីដនី នៅម៉ោងប្រហែល ៣ និង៤៥ នាទីរសៀល ហើយអ្នកធ្វើដំណើរទាំងអស់ត្រូវជម្លៀសពីយន្តហោះភ្លាមៗ។
បុរសដែលធ្វើការគំរាមកំហែងបំភ័យគេឯងនោះ មិនត្រូវបានប៉ូលិសបញ្ចេញអត្តសញ្ញាណលម្អិតនោះទេ ប៉ុន្តែថា លោកមានអាយុ ៤៥ ឆ្នាំ និងជាប្រជាជនរស់ក្នុងក្រុងកង់ប៊ឺរ៉ា។
ប៉ូលិសនិយាយថា លោករងការចោទប្រកាន់ពីការនិយាយមិនពិតដើម្បីគំរាមកំហែងធ្វើឱ្យខូចយន្តហោះ និងពីការមិនគោរពតាមការណែនាំសុវត្ថិភាពរបស់បុគ្គលិកកាប៊ីន។
លោក រំពឹងថានឹងបង្ហាញខ្លួននៅក្នុងតុលាការនាថ្ងៃអង្គារនេះ ខណៈបទចោទប្រកាន់ប្រសិនបើរកឃើញថាមានទោស អាចធ្វើឱ្យលោកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា ១០ ឆ្នាំ និងពិន័យជាប្រាក់លើសពី ១៥ ០០០ ដុល្លារអូស្ត្រាលី (៩ ៧៣០ ដុល្លារអាមេរិក)។
មុនប្រកាសដាក់ការចោទប្រកាន់នេះ ប៉ូលិសបាននិយាយថា ហេតុការណ៍ដែលកើតឡើង មិនបង្កជា «ការគំរាមកំហែងដល់សហគមន៍» នោះទេ ទោះបីជាវាបណ្ដាលឱ្យជើងហោះហើរក្នុងស្រុកអូស្រ្តាលីជាង ៣០ ត្រូវបានលុបចោល ហើយធ្វើឱ្យមានការពន្យារពេលហោះហើររហូតដល់ ៩០ នាទី ដល់ជើងហោះហើរផ្សេងទៀតក៏ដោយ៕ ប្រែសម្រួល៖ ហួន ឌីណា