ពន្ធដារ កែសម្រួលលើអាត្រាអាករពិសេសលើផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិតផលក្នុងស្រុក
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជូនដំណឹងពីការកែសម្រួលអត្រាអាករពិសេសលើផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិតផលក្នុងស្រុក ដោយក្នុងនោះសម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទអាករពិសេស១៥ភាគរយ។ ចំណែកភេសជ្ជៈគ្មានជាតិសុរាផ្សេងមួយចំនួន៥ភាគរយ។
តាមរយៈសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ តទៅ អត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរាដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុក ត្រូវបានកែសម្រួល និងកំណត់ដូចខាងក្រោមនេះ។
ការកែសម្រួលទាំងនោះរួមមាន៖ ទី១ អាករពិសេស ១៥ ភាគរយ លើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ និងទី២ អាករពិសេស៥ ភាគរយ លើភេសជ្ជៈគ្មានជាតិសុរាមួយចំនួន ដែលមានដូចជា ភេសជ្ជៈបន្ថែមជាតិទឹកដោះគោដែលឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់ ទឹកសណ្ដែក ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង ភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈដែលបន្ថែមរសជាតិកាហ្វ និងភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗដោយពុំចាំបាច់ពង្រាវ»។
ចំណែកអាករពិសេស ១០ភាគរយ លើភេសជ្ជៈគ្មានជាតិសុរាក្រៅពីភេសជ្ជៈដែលបានកំណត់ក្នុងចំណុចទាំងពីរនេះ។
ដោយឡែក មូលដ្ឋានគិតអាករពិសេសត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសលេខ០១២ ចុះ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុក ដូចដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
តាមរយៈសេចក្តីជូនដំណឹងនេះ បានបន្តថា មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួនដែលផលិតក្នុងស្រុក ដូចជា ស្រាបៀរ ស្រា បារី និងបារីស៊ីហ្គាគ្រប់ប្រភេទ ភេសជ្ជៈគ្មានជាតិសុរា និងមុខទំនិញជាប់អាករពិសេសដទៃទៀត ត្រូវកំណត់ស្មើនឹង ៩០ភាគរយ នៃតម្លៃផ្គត់ផ្គង់ ដែលបានកត់ត្រា ក្នុងវិក្កយបត្រ ឱ្យទៅអតិថិជន ដោយមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួនឯង។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា យល់ថា ការយកពន្ធឬកែសម្រួលពន្ធទៅលើភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈជាតិស្ករដទៃទៀត ជាការល្អ ព្រោះវានឹងរួមចំណែកកាត់បន្ថយជំងឺមិនឆ្លងដែលកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗកំពុងព្រួយបារម្ភ។
លោកបានប្រាប់ឱ្យដឹងថា ៖ «ជំងឺមិនឆ្លងបង្កដោយកត្តាហានិភ័យ ៤គឺ ថ្នាំជក់ គ្រឿងស្រវឹង កង្វះកាយវប្បកម្ម និងរបបអាហារ។ អ៊ីចឹងហើយបានជាយើងយល់ថាការកែសម្រួលពន្ធ ឬដំឡើងពន្ធលើភេសជ្ជៈផ្អែមគឺបានរួមចំណែកនៅក្នុងការកាត់បន្ថយនៃការកើតជំងឺមិនឆ្លងនានា»។
លោក មុំ គង់ បានឱ្យដឹងទៀតថា ជំងឺមិនឆ្លងដែលកំពុងជួបបញ្ហានាពេលបច្ចុប្បន្ននេះគឺទឹកនោមផ្អែម លើសឈាម ដាច់សរសៃឈាមខួរក្បាល បេះដូង និងជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ដែលជំងឺទាំងនេះបានសម្លាប់ប្រជាពលរដ្ឋខ្មែរច្រើនណាស់ក្នុងមួយឆ្នាំៗ។
លោកថា ៖ «បើនិយាយពីអ្នកស្លាប់ដោយសារជំងឺឆ្លងនោះមានតែ ២៧ភាគរយ ប៉ុន្តែអ្នកដែលស្លាប់ដោយសារជំងឺមិនឆ្លង ធ្វើឱ្យមានអ្នកស្លាប់រហូតដល់ ៧៣ ភាគរយនៃអ្នកស្លាប់ទាំងអស់»។
ទន្ទឹមនេះដែរលោក មុំ គង់ ដែលធ្វើការពាក់ព័ន្ធសុខភាពប្រជាជន ចង់ឃើញរដ្ឋាភិបាលដំឡើងពន្ធទៅលើផលិតផលថ្នាំជក់ ក៏ដូចជាគ្រឿងស្រវឹងដែរ ពីព្រោះផលិតផលទាំងនេះគឺជាកត្តាហានិភ័យចំបងដែលបច្ចុប្បន្នមិនទាន់ឃើញមានការដំឡើងពន្ធក្នុងរយៈពេល ៨ឆ្នាំមកហើយ លើផលិតផលថ្នាំជក់។
លោកបានបញ្ជាក់ថា ៖ «ការដំឡើងពន្ធថ្នាំជក់នេះក៏ជាការចង់បានរបស់ប្រជាពលរដ្ឋផងដែរ ពីព្រោះតាមរយៈការស្រាវជ្រាវរបស់ក្រសួងផែនការ សហការជាមួយក្រសួងសុខាភិបាលនៅឆ្នាំ ២០២១ មានពលរដ្ឋ ៩៤ភាគរយ ដែលសំណូមពរឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយអ្នកដែលស្លាប់ ឬឈឺ ព្រមទាំងធ្វើឱ្យរដ្ឋាភិបាលបានចំណូលប្រាក់ពន្ធបន្ថែមសម្រាប់អភិវឌ្ឍន៍ជាតិផង»។
សូមជម្រាបថា ពាក់ព័ន្ធអត្រាអាករពិសេសលើទំនិញផលិតផលគ្រឿងស្រវឹង និងថ្នាំជក់ ដែលផលិត និងផ្គត់ផ្គង់នៅក្នុងស្រុក នាពេលបច្ចុប្បន្ននេះរួមមាន ពន្ធ ៣០ ភាគរយ លើមុខទំនិញស្រាបៀរគ្រប់ប្រភេទ,៣៥ ភាគរយ លើមុខទំនិញ សុរា (ស្រា) និង២០ ភាគរយ លើមុខទំនិញបារីគ្រប់ប្រភេទ។
ដោយឡែក កាលពីថ្ងៃទី១៥ ខែសីហា អគ្គនាយកដ្ឋានពន្ធដារបានបន្តចុះពិនិត្យ និងសិក្សាទីតាំង ដើម្បីបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងដែលបំពាក់ឧបករណ៍ វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា នៅរោងចក្រផលិតស្រាបៀរ ភេសជ្ជៈ របស់ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ ដែលមានទីតាំងនៅខេត្តព្រះសីហនុ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ៖ «ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព ធានាបាននូវការប្រកួតប្រជែងដោយតម្លាភាពតាមរយៈការអនុវត្តកាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា សំដៅដល់ការប្រមូលចំណូលពន្ធដារកើនឡើងប្រកបដោយចីរភាព»៕

ដោយ៖សុខ រក្សា