ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិត តំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ»
កណ្តាល ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិត តំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ» ដែលស្ថិតនៅ ស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រិច នាផ្លូវជាតិ លេខ៥១ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាច្រើននាក់ផងដែរ ។
បើតាមរបាយការណ៍បានឱ្យដឹងថា ហេដ្ឋាចនាសម្ព័ន្ធនៃ គម្រោង នេះបង្កើតឡើងរួមមានចំនួនប្រាំបី ។ក្នុងនោះ
១ – អគារសម្រាប់ប្រតិបត្តិការ អគារបុគ្គលិក អគាររោងជាង ឃ្លាំង ចំណតមធ្យោបាយ
២ – ស្ថានីយថ្លឹង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លៀង
៣ – អគារកំប៉ុស អគារសម្រាប់ញែកសំណល់
៤- រណ្តៅចាក់សំណល់៖ ការសាងសង់ចែកជា៥ដំណាក់កាល ដោយក្នុងមួយដំណាក់កាលមានពី៣-៤រណ្ដៅ (ជម្រៅពី៣-៥ម៉ែត្រ) ដែលគ្រោងប្រើប្រាស់បានរយៈពេលសរុប ២០ឆ្នាំ
៥ – ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មទឹកសម្អុយ
៦ – ប្រព័ន្ឋប្រមូលឧស្ម័នទីលាន
៧- តំបន់ទ្រនាប់ដែលមានការដាំដើមឈើ(គគីរ ឈើទាល អាកាស្យា)និង៨- ដីបម្រុងទុកសម្រាប់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យសាងសង់ ទីលានទុក ដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយ ស្ថានីយស្តារ និងផ្សព្វផ្សាយ ព្រៃឈើទួលព្រេច ដែលបម្រើឱ្យការគ្រប់គ្រងសំណល់ សំរាម របស់រាជធានីភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្ត កំពង់ស្ពឺ និងខេត្តកណ្ដាល។ ជាមួយគ្នានេះ ទីលានដែលមានបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ បានសាងសង់រួចហើយដែរ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ។ល។ ដោយ៖ គ្រី សម្បត្តិ