កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ “កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃ កិច្ចសហប្រតិបត្តិការ” នេះជាចំណងជើងនៃ សេចក្ដីប្រកាស ព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣ បន្ទាប់ពីជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ កាម៉េន ម៉ូរ៉េណូ(Carmen MORENO) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិចូលជួបជម្រាបលាកាលពីព្រឹកថ្ងៃទី ១៦ ខែសីហា នៅទីស្តីការក្រសួង។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើន នៃទំនាក់ ទំនងកម្ពុជា-សហភាពអឺរ៉ុប ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ជា ពិសេស ក្នុងបរិបទដ៏ស្មុគស្មាញនៃការរាតត្បាតជំងឺកូវីដ១៩។លោក ជំទាវឯកអគ្គរដ្ឋទូត MORENO បានចូលរួមក្នុងការ សម្របសម្រួល ជំនួយអភិវឌ្ឍន៍ពីសហភាពអឺរ៉ុប និងរដ្ឋជាសមាជិក  រួមមានការផ្ដល់ វ៉ាក់សាំង ហិរញ្ញប្បទាន ឥត សំណង និងឥណទាន  សរុបជាទឹកប្រាក់ ៤៩៩ លានអឺរ៉ូ សម្រាប់គោលដៅកាត់បន្ថយផលប៉ះពាល់នៃ ការរាត ត្បាត ជំងឺឆ្លងនេះ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់សហភាពអឺរ៉ុប ក្នុងការជួយ ស្តារ ប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាម។ ភាពជាដៃគូនេះ រួមមាន គំនិតផ្តួចផ្តើមជាច្រើន ដូចជាការស្ដារឡើងវិញនូវហេដ្ឋារចនា សម្ព័ន្ធ ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅ ធនធាន មនុស្ស និងការបោសសំអាតគ្រាប់មីន ដែលបានរួមចំណែកដល់ការ រីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ នៅកម្ពុជា។

ទន្ទឹមនឹងការកត់សម្គាល់អំពីទស្សនៈផ្សេងគ្នាលើកិច្ចការជាក់លាក់មួយចំនួន ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះ ការវិវត្តគួរឱ្យកត់ សម្គាល់នាពេលថ្មីៗនេះ នៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាព អឺរ៉ុប រួមទាំងកិច្ចសន្ទនាកម្រិតខ្ពស់ញឹកញាប់ ដែលបានលើកកម្ពស់ នូវការយល់ដឹងប្រសើរ និងការប្រែប្រួលនូវការយល់ឃើញ ចំពោះ កម្ពុជា។

សមិទ្ធផលវិជ្ជមានទាំងនេះបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ការធ្វើពិពិធកម្មនៃភាពជាដៃគូនាពេលអនាគត។ សហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដូចបានលើកឡើងនៅក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម  ឆ្នាំ២០២១- ២០២៧»។

បន្ថែមលើនេះ ភាគីទាំងពីរទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំ លើក ទី១២នៃ គណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្ត ទៅនៅ ទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាព សំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។

លោកជំទាវឯកអគ្គរដ្ឋទូត MORENO បានកោតសរសើរដល់ភាព ប៉ិនប្រសប់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ប្រកបដោយជោគជ័យ ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner