ម្ចាស់ Pass App បង្កហេតុនៅកណ្តាលផ្លូវព្រះនរោត្តមត្រូវបានចាប់ខ្លួន (Video Inside)
ម្ចាស់ Pass App ដែលជិះបញ្ច្រាសទិសហើយទាញដំបងដែកបំរុងប្រើហិង្សា ដាក់លើអ្នកបើករថយន្តស្របទិសចរាចរណ៍, ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ក្រោយរឿងនេះបានផ្ទុះជាការរិះគន់នៅតាមបណ្តាញសង្គម។
រូបភាព នៃបុរសជាម្ចាស់ Pass App ឈ្មោះ កែ ឃីម ដែលបានជិះបញ្ច្រាសនៅលើផ្លូវព្រះនរោត្តម ក្នុងពេលដែលមានចរាចរណ៍កកស្ទះ កាលពីថ្ងៃទី១៥សីហា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានី បានធ្វើការស្រាវជ្រាវរកភ្លាមៗ និងក្រោយមកត្រូវបានគេរកឃើញ និងឃាត់ខ្លួននៅក្នុងភូមិស្វាយអាត់កណ្តាល, ឃុំព្រែកតាមាក់, ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
យោងតាមគេហទំព័ររបស់ស្នងការដ្ឋាននគរបាលរាជធានី បានសរសេរនៅថ្ងៃនេះថា «អ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សា ដោយប្រើដែកទីបចង់វាយទៅលើអ្នកបើកបររថយន្តនោះ ត្រូវបានឃាត់ខ្លួនហើយ»។
សេចក្តីរាយការណ៍តាមបណ្តាញសង្គម បាននិយាយថាបុរសម្នាក់នោះ មានប្រវត្តិជាប់ពន្ធនាគារ កាលពីឆ្នាំ២០១៤ ពាក់ព័ន្ធនឹងរឿងប្រើប្រាស់ហិង្សា ក្នុងកុប្បកម្មមួយ នៅលើស្ពាននាគ កោះពេជ្រ និងបុរសរូបនោះ ទើបបានចេញរួចក្នុងឆ្នាំ២០១៨។