ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តពិភាក្សារកការតម្លើងប្រាក់ខែកម្មករ (Video Inside)

កិច្ចពិភាក្សាជុំវិញប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ បានបន្តថែមទៀតនៅថ្ងៃទី១៦សីហានេះ។

កិច្ចពិភាក្សាដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ថ្ងៃពុធនេះ គឺជាផ្នែកមួយដែលបង្ហាញពីគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល នៃការតម្លើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករជារៀងរាល់ឆ្នាំ ដើម្បីជួយបង្កើនជីវភាពរស់នៅកាន់តែប្រសើរ។

កិច្ចពិភាក្សាថ្ងៃទី១៦សីហានេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង នៅទីស្ដីការក្រសួងការងារ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំថ្ងៃនេះ, ភាគីចូលរួមទាំង៣ ដែលមានភាគីរាជរដ្ឋាភិបាល, ភាគីសហជីព និងភាគីនិយោជក នៅមិនទាន់បញ្ចេញតួលេខ នៃប្រាក់ឈ្នួលតម្លើងសម្រាប់ឆ្នាំ២០២៤ឡើយ។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ គ្រោងនឹងរៀបចំកិច្ចប្រជុំជាបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា និងបន្តទៅដល់ខែកញ្ញា និងតុលាជាចុងក្រោយថែមទៀត។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បច្ចុប្បន្នមានចំនួន២០០ដុល្លារ ក្នុងមួយខែ…ហើយប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាមេរិកក្នុងមួយខែ៕

ads banner