ឯកឧត្តម ឌិត ទីណា ៖ ជំងឺបណ្តាលមកពីម្ហូបអាហារ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាតំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានចូលរួមបើកទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណ ចំពោះដំណើរប្រព្រឹត្តទៅ និងការពិភាក្សាអំពីសុវត្ថិភាពម្ហូបអាហារនេះ ព្រោះវាជាកត្តាចាំបាច់ផ្សារភ្ជាប់នឹងសុខភាពរបស់យើង របស់ប្រជាជនទាំងមូល ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងខ្សែច្រវាក់អាហារនេះ តាំងពីអ្នកផលិតរហូតអ្នកបរិភោគ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា ជំងឺបណ្តាលមកពីម្ហូបអាហារ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជានៅឡើយ។ នៅចន្លោះឆ្នាំ២០១០-២០១៥ ជាងពាក់កណ្តាលនៃការផ្ទុះឡើងនៃជំងឺដែលបានរាយការណ៍មក គឺបណ្ដាល ពីការពុលអាហារ ឬរោគរាគរូស។ លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ២០១៤-២០១៩ ការផ្ទុះជំងឺឆ្លងបង្កដោយម្ហូបអាហារចំនួន ១៣៤ករណី ត្រូវបានរកឃើញថា កើតឡើងដោយសារកង្វះការប្រតិបត្តិអនាម័យខ្ជាប់ខ្ជួន ជាពិសេសអំឡុងពេលរៀបចំទុកដាក់អាហារការគ្រប់គ្រងកម្រិតសីតុណ្ហភាពម្ហូបអាហារមិនបានត្រឹមត្រូវ ការឆ្លងរាលដាលពីមួយទៅមួយ និងការប្រើប្រាស់គ្រឿងផ្សំម្ហូបអាហារ និងប្រភពទឹកមិនស្អាត។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមផងដែរថា បច្ចុប្បន្នកម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ ហើយកំពុងបន្តជំរុញអំពីសុវត្ថិភាព និងគុណភាព តាមកម្រិតស្តង់ដាសុវត្ថិភាពនិងអនាម័យ ឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់ការនាំចេញ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធត្រូវចូលរួម និងសហការគ្នាឱ្យបានប្រសើរលើសុវត្ថិភាពម្ហូបអាហារនេះ។
សូមជម្រាបជូនថា ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ឆ្នាំ២០២៣នេះ រៀបចំឡើងក្រោមប្រធានបទ “ស្តង់ដាម្ហូបអាហារ ជួយសង្គ្រោះជីវិត” ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមអភិវឌ្ឍន៍មូលធនមនុស្សជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ៕ប្រភព ៖ ក្រសួងកសិកម្ម