គណបក្សភឿថៃ ទទួលបានការគាំទ្រពីគណបក្សគូប្រជែង ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី

ថៃ៖ នៅថ្ងៃទី១៧ ខែសីហា គណបក្សភឿថៃបានទទួលបានការគាំទ្រពីគណបក្សដែលជិតស្និទ្ធជាមួយយោធា និងដែលជាគណបក្សគូប្រជែងរបស់ខ្លួន។ ការណ៍នេះបានជំរុញឱ្យគណបក្សភឿថៃ កាន់តែមានសក្ដានុពល និងសង្ឃឹមច្រើនក្នុងការដែលអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្នុងសភាដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គណបក្សរួមថៃសាងជាតិ (United Thai Nation Party) ឬហៅកាត់ថា UTN ដែលមានលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ជាអតីតមេដឹកនាំរដ្ឋប្រហារ និងជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតកាលពីខែឧសភា បានប្រកាសថា ខ្លួននឹងជួយគាំទ្រគណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាលថ្មី។

គួររំឭកថា លោក ប្រាយុទ្ធ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចាំផ្ទះ បានឡើងកាន់អំណាចដំបូងដោយបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃក្នុងឆ្នាំ២០១៤។ អ្នកនាំពាក្យគណបក្សរួមថៃសាងជាតិ លោក អាការ៉ាដេ វង្សភិថារ៉ូត (Akaradej Wongpitakroj) បានប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «គណបក្សរួមថៃសាងជាតិនឹងចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សភឿថៃ»។

លោកបានបន្តថា «យើងយល់ព្រមចូលរួមបង្កើតរដ្ឋាភិបាលថ្មីនេះ គឺដើម្បីជំរុញឱ្យប្រទេសថៃអាចបន្តដំណើរទៅមុខជាមួយគ្នា»។ គួរដឹងដែរថា ប្រទេសថៃបានចំណាយពេលជាង ៥ ខែមកហើយ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលចាំផ្ទះ បន្ទាប់ពីមេដឹកនាំនៃគណបក្សឈានទៅមុខ (Move Forward Party) ដែលបានឈ្នះការបោះឆ្នោត ត្រូវបានសមាជិកសភាអភិរក្សនិយមរារាំងចំនួនពីរដង មិនឱ្យក្លាយទៅជានាយករដ្ឋមន្ត្រីថៃក្នុងអាណត្តិថ្មី។

ក្រោយគណបក្សឈានទៅមុខបានដឹកនាំបណ្ដាអតីតគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបរាជ័យ គណបក្សភឿថៃដែលឈរនៅលំដាប់ទីពីរ បានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលថ្មីដោយខ្លួនឯងវិញម្ដង។

គួរបញ្ជាក់ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃពីមុនដែលមានការគាំទ្រដោយគ្រួសារមហាសេដ្ឋី លោក ស៊ីណាវ៉ាត្រា ត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤ ម្ដងទៀត។ មូលហេតុនៃការធ្វើរដ្ឋប្រហារនោះ ទំនងជាមានការប៉ះទង្គិចផលប្រយោជន៍រវាងបក្ស ជាមួយពួកឥស្សរជនដ៏មានឥទ្ធិពល និងក្រុមយោធារាជានិយមរបស់ប្រទេសថៃ។

គណបក្សភឿថៃ គ្រោងនឹងតែងតាំងលោកឧកញ៉ា ស្រេតថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតសភាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយគណបក្សនេះ ត្រូវការការគាំទ្រពីសភាទាំងពីរច្រើនជាងពាក់កណ្តាល ជាពិសេសការគាំទ្រពីព្រឹទ្ធសភាដែលតែងតាំងដោយក្រុមយោធា។

ជាការកត់សម្គាល់ គណបក្សភឿថាបានប្រមូលការគាំទ្រពីគណបក្សនយោបាយចំនួន ១៣ ផ្សេងទៀត ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្សនេះនៅតែត្រូវការការគាំទ្រមួយចំនួនពីព្រឹទ្ធសភាដើម្បីបង្គ្រប់សំឡេងនៅក្នុងសភាទាំងពីរ៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner