ស្រុកចំនួន ៤ ក្នុងខេត្តកំពង់ស្ពឺ ទទួលរងគ្រោះរាំងស្ងួត ដែលមានផ្ទៃដី ៥៧១៨ហិកតា ត្រូវការជួយសង្គ្រោះបន្ទាន់

(កំពង់ស្ពឺ) ៖ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់បងប្អូនប្រជាពលរដ្ឋឱ្យរាយការណ៍បន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ប្រសិនជាស្រែស្រូវជួបគ្រោះរាំងស្ងួត ដើម្បីអាជ្ញាធរមានលទ្ធភាពអាចជួយអន្តរាគមន៍ទាន់ពេលវេលា ។ ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺលើកឡើងបែបនេះ ខណៈដឹកនាំក្រុមការងារនៃមន្ទីរពាក់ពន្ធ័ចុះពិនិត្យមើលការបូមទឹកសង្គ្រោះស្រូវពលរដ្ឋជួបគ្រោះរាំងស្ងួត ក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីទី១៨ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ខេត្តកំពង់ស្ពឺ បានជួបគ្រោះធម្មជាតិជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៣នេះ ។ ជាក់ស្តែងនៅដើម ខែសីហា កន្លងទៅនេះតំបន់មួយចំនួនក្នុងខេត្ត បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឱ្យហេដ្ឋារចនាសម្ពន្ធ័ជាច្រើន រួមទាំងផលដំណាំមួយចំនួនបានរងការខូចខាត ។ ដែលមន្ទីរជំនាញនៅមិនទាន់បានស្តារឡើងវិញរួចរាល់នៅឡើយផង ។ ស្រាប់តែនៅពាក់កណ្តាលខែនេះ ក៏ជួបនូវគ្រោះរាំងស្ងួតបន្តទៀត ដែលគ្រោះរាំងស្ងួតនេះបាននិងកំពុងយាយីផលដំណាំរបស់បងប្អូនក្នុងស្រុកចំនួន៤ បន្ថែមទៀត ក្នុងនោះមាន ៖ ស្រុកសំរោងទង ក្រុងច្បារមន ស្រុកគងពិសី និងស្រុកបសេដ្ឋ ដែលគិតជាចំនួននៃផលប៉ះពាល់គឺមានរហូតដល់ ៥៧១៨ហិកតា។

អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ដើម្បីជួយសង្គ្រោះផលដំណាំនិងស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតនេះ មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានបានចុះពន្លឿនបូមទឹកបញ្ចូលប្រឡាយមេដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបូមបន្តបញ្ចូលទៅក្នុងស្រែរៀងៗខ្លួន ។ លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែចម្ការទាំងអស់ឱ្យប្រញ៉ាប់រាយការណ៍ក្នុងករណីជួបគ្រោះបែបនេះ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតមកទល់ពេលនេះមន្ត្រីបច្ចេកទេសបានធ្វើការសង្គ្រោះស្រូវបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំង៤ ខាងលើបានប្រម៉ាណជាង ៦០%ហើយ ដែលការជួយសង្គ្រោះនេះរំពឹងថា នឹងអាចសង្គ្រោះបាន ១០០%ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕

អត្ថបទ ៖ ម៉ុន សំអាត

ads banner