សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ប្តេជ្ញាចិត្តលើកកម្ពស់សន្តិសុខទៅវិញទៅមក
វ៉ាស៊ីនតោន៖ មន្រ្តីនៃរដ្ឋបាលរបស់លោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងលើការសន្យាសន្តិសុខថ្មីមួយ នោះគឺប្រទេសទាំងបីនឹងប្រឹក្សាយោបល់គ្នា ក្នុងករណីកើតមានវិបត្តិសន្តិសុខឬការគំរាមនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
កិច្ចព្រមព្រៀងសន្តិសុខថ្មីមួយ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាច្រើន ដែលមេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងប្រកាសនៅក្នុងកិច្ចប្រជុំកំពូលពេញមួយថ្ងៃ ខណៈដែលប្រទេសទាំងបីសម្លឹងមើលការរឹតបន្តឹងសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ច ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការគំរាមកំហែងនុយក្លេអ៊ែរជាប់លាប់របស់កូរ៉េខាងជើង និងការបង្កហេតុរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
ព័ត៌មានលំអិតអំពីការប្តេជ្ញាចិត្ត “កាតព្វកិច្ចដើម្បីពិគ្រោះ” ថ្មីបានលេចចេញនៅពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរៀបចំកាលពីថ្ងៃទី១៨ ខែសីហានេះ ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយុល និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា សម្រាប់កិច្ចប្រជុំកំពូលនៅឯជំរុំប្រធានាធិបតី Camp David ក្នុងរដ្ឋម៉ារីលែន។
ទន្ទឹមគ្នា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន បានប្រាប់អ្នកយកព័ត៌មានថា អាចនិយាយបានថា វាជាកិច្ចព្រមព្រៀងធំមួយ… វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ហើយវាបង្កើតលក្ខខណ្ឌសំរាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលមានសន្តិភាព និងរុងរឿងឡើង៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា