ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន មានសុខភាពប្រសើរឡើង ក្រោយធ្លាក់ខ្លួនឈឺ និងចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម:
(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន មានសុខភាពប្រសើរឡើង ក្រោយធ្លាក់ខ្លួនឈឺ និងចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: ។ នេះបើតាមការបង្ហោះលើបណ្ដាញសង្គមរបស់ឯកឧត្តម កិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម កិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញរូបភាពជាមួយខ្លឹមសារលើបណ្ដាញសង្គមដូច្នេះថា៖ លោកគ្រូព្រឹទ្ធាចារ្យ ក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន បានធ្លាក់ខ្លួនឈឺ និងបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: ។ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ រួមជាមួយក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល ធ្វើឱ្យស្ថានភាពជំងឺរបស់លោកគ្រូព្រឹទ្ធាចារ្យ បានធូរស្រាល និងចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ។
ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចាត់លោកជំទាវ ដាំ ដារីនី និងក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនចូលរួមឧបត្ថម្ភលោកគ្រូព្រឹទ្ធាចារ្យផងដែរ ។
លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា បន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ៕
ដោយ វណ្ណលុក