ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតឆ្នាំ២០២៣ គឺបានពីការបំពេញភារកិច្ចរបស់សមាជិកបក្ស និងការគាំទ្រពេញទំហឹងពីប្រជាជន
(កំពង់ធំ)៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានចាត់ទុកជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ថា បានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិក-សមាជិកាគណបក្ស និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនខេត្តកំពង់ធំ នាថ្ងៃទី២០ សីហា ឆ្នាំ២០២៣។

ឯកឧត្តម ជា ចាន់តូ បានបន្តថា តាមរយះនៃកិច្ចខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវនេះដែរក៏បានបញ្ជាក់ពីការរួមចំណែកក្នុងការស្តារកសាង និងអភិវឌ្ឍភូមិឃុំនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ កាន់តែមានការអភិវឌ្ឍរីកចម្រើនថ្មីៗបន្ថែមទៀតផងដែរ។ លទ្ធផលនេះ សរបញ្ជាក់ឲ្យឃើញច្បាស់អំពីស្មារតីយកចិត្តទុកដាក់ និងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព ឯកភាពតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដែលរក្សាបានខ្ជាប់ខ្ជួននូវប្រពៃណីថ្លៃថ្លា នៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាពរបស់គណបក្សក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍទៀតផង។

សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់ខេត្តកំពង់ធំ សំឡេងគាំទ្របានកើនឡើងពី ២០៥,៨៨២សំឡេងដល់ ២៦៥,០៦០សំឡេង ស្មើនឹង ២៨,៧៤% ខ្ពស់ជាងខេត្ត-ក្រុងដទៃទៀតនៃក្របខណ្ឌទូទាំងប្រទេស ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជា ចាន់តូ បានបានសំណូមពរដល់សមាជិក-សមាជិកាបក្សទាំងអស់ ឲ្យបន្តរួមគ្នាអនុវត្តឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ទាំងការងារគណបក្ស និងការងាររដ្ឋក្នុងតួនាទី ជាគណបក្សកាន់អំណាច ដើម្បីធ្វើការអភិវឌ្ឍសង្គម ឆ្លើយតបសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋតាមការសន្យារបស់គណបក្ស និងឲ្យសក្ដិសមទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត