កូរ៉េខាងជើងបាញ់មីស៊ីលគ្រូសមួយគ្រាប់ នៅមុនអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះទស្សនកិច្ចអង្គភាពកងទ័ពជើងទឹក ហើយបានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់ នៅមុនពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី២១ ខែសីហានេះបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចអង្គភាពកងទ័ពជើងមួយនៅក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន និងបានពិនិត្យមើលការធ្វើបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់។

បើតាមសេចក្តីរាយការណ៍ ការបាញ់សាកល្បងនេះ មានគោលបំណងបញ្ជាក់ឡើងវិញនូវមុខងារប្រយុទ្ធរបស់នាវា និងលក្ខណៈពិសេសនៃប្រព័ន្ធមីស៊ីលរបស់ខ្លួន ហើយក៏ដើម្បីធ្វើឱ្យទាហានជើងទឹកស្ទាត់ជំនាញ ក្នុងការអនុវត្តបេសកកម្មវាយប្រហារក្នុងពេលមានសង្គ្រាមជាក់ស្តែង។ប៉ុន្តែមិនបានបញ្ជាក់ថាតើទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាំងពីពេលណា ឬក៏ថាតើមីស៊ីលប្រភេទអ្វីដែលត្រូវបានបាញ់សាកល្បងនោះទេ។

ទស្សនកិច្ចរបស់លោក គីម បានកើតមានឡើងចំពេលដែលអាមេរិក និងកូរ៉េខាងត្បូង ត្រៀមធ្វើសមយុទ្ធយោធារួមគ្នាមានឈ្មោះ Ulchi Freedom Shield ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខ។ ប្រទេសសម្ព័ន្ធមិត្តទាំងពីរបានហៅសមយុទ្ធនេះថា ជាការពង្រឹងសមត្ថភាពទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner