មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់កងកម្លាំងទាំងអស់ ត្រៀមគ្រប់មធ្យោបាយ ដើម្បីចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានណែនាំដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមបម្រុងនូវគ្រប់មធ្យោបាយ សម្ភារៈ និងការងារធានាផ្សេងៗ ឲ្យបានគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជា ត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងប្រកាសចាត់តាំងកងកម្លាំងអន្តរាគមន៍ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ទោន សោម ស៊ុន ក៏បានបញ្ជាក់ពីសភាពការណ៍អន្តរជាតិមួយចំនួន មានដូចជា៖ បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ សភាពការណ៍ក្នុងតំបន់ និងបញ្ហាវិបត្តិជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតនៅប្រទេសថៃ ព្រមទាំងសភាពការណ៍នៅក្នុងប្រទេស ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ខណៈដែលរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានណែនាំដល់យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ ត្រូវការពារឲ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ៕
ដោយ ប៊ុន រដ្ឋា