ស្ពាយឥវ៉ាន់ឡើងភ្នំត្បែង ជាសេវាលើវិស័យ ទេសចរណ៍ ជួយរកចំណូលដល់ប្រជាសហគមន៍
(ខេត្តព្រះវិហារ)៖ បើទោះបីជាមុខរបរមួយនេះ ហត់នឿយពិតមែន តែប្រជាសហគមន៍ដែលកំពុងរស់នៅលើជើងភ្នំ និងតំបន់ក្បែរកន្លែងនោះបានកំពុងសប្បាយចិត្តជាមួយនឹងសេវាដឹកជញ្ជូនស្ពាយឥវ៉ាន់របស់ភ្ញៀវទេសចរណ៍ទៅកាន់លើភ្នំត្បែងក្នុងទឹកដីខេត្តព្រះវិហារ។
មានមនុស្សចាស់ក្មេងមិនតិចជាង ២០នាក់ឡើយបាននាំគ្នាជ្រើសរើសមុខរបរជួយស្ពាយឥវ៉ាន់របស់ភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំត្បែងដែលអ្នកទេសចរខ្លះមិនអាចរែកពន់ចំណីចំណុក និងសម្ភារប្រើប្រាស់ផ្សេងៗឆ្លងកាត់ផ្លូវចោទខ្ពស់ទាប ដ៏វែងឆ្ងាយទៅកាន់ទីកន្លែងកម្សាន្ត។ ក្នុងរយៈជណ្តើឡើងទៅលើកំពូលភ្នំប្រវែង ១១០០ម៉ែត្រ និងការដើរដោយថ្មើរជើងលើដីរាបខ្លះ និងចុះឡើងចំណោទខ្លះប្រវែង ៥គីឡូម៉ែត្រទៀត ពិតជារឿងមិនងាយស្រួលសោះឡើយ ។
លោក ជឿន វុត្តា បានឱ្យដឹងថាក្នុងរយៈពេលមួយខែលោកអាចរកប្រាក់ចំណូលពីការស្ពាយសម្ភារជូនភ្ញៀវទេសចរ ប្រមាណ ១លានរៀល។ ក្នុងការស្ពាយឥវ៉ាន់នេះដែរមានទម្ងន់ចាប់ពី ២៥ទៅ ៣០គីឡូក្រាម។ ថ្ងៃខ្លះភ្ញៀវច្រើនលោកអាចធ្វើដំណើរស្ពាយសម្ភារជូនភ្ញៀវ ២ជើងក៏មានដែរឥតមានបញ្ហាទេ ។
លោក យឹមរ៉ន វ័យ ៣១ឆ្នាំ ដែលទើបចូលប្រឡូកស្ពាយសម្ភារជូនដល់ភ្ញៀវទេសចរបានឱ្យដឹងថា៖ការស្ពាយឥវ៉ាន់ឡើងភ្នំនេះវាមិនមែនជារឿងលំបាកសម្រាប់រូបលោក និងក៏ដូចជាប្រជាសហគមន៍ដទៃឡើយពីព្រោះថាពួកគាត់តែងឡើងចុះលើភ្នំនេះក្លាយជាទម្លាប់ទៅហើយ។ប្រជាសហគមន៍តែងសប្បាយរីករាយជាមួយនឹងការងារនេះពីព្រោះថាវាបានផ្តល់នូវប្រាក់ចំណូល។ពួកគាត់តែងចេញទៅបម្រើសសេវានេះនៅពេលភ្ញៀវទេសចរត្រូវការ។
លោក ថន វើន បានប្រាប់ឱ្យដឹងថាលោកតែងស្ពាយសម្ភារជូនដល់ភ្ញៀវទេសចរណ៍ដែលមានរយៈចម្ងាយ៦គីឡូម៉ែត្រឡើងលើភ្នំត្បែងតម្លៃមួយជើង ៤ម៉ឺនរៀល និងមានទម្ងន់ជាទូទៅ ២៥គីឡូក្រាម ។
ដោយឡែក លោក យឺន វាសនា ដែលជានិស្សិតឆ្នាំទី១ផ្នែកបច្ចេកវិទ្យាបានឱ្យដឹងថា លោកតែងឆ្លៀតពេលសម្រាកពីការងារមកស្ពាយឥវ៉ាន់ភ្ញៀវទេសចររៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ។ ទោះវាជាចំណូលមិនទៀងទាត់ព្រោះលោកជាប់ការសិក្សា តែយ៉ាងណាវាក៏បានជួយរំលែកការលំបាកឪពុកម្តាយក្នុងការសិក្សាផងដែរ ។
លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ស្ថិតនៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បញ្ជាក់ប្រាប់ថា៖ ប្រជាជនរដ្ឋនៅសហគមន៍លោកក្រៅពីប្រកបរបរកសិកម្មហើយមួយចំនួនបានចាប់យកមុខរបរលក់ចំណីអាហារ បម្រើលើសេវាស្ពាយឥវ៉ាន់ជូនភ្ញៀវទេសចរ។ ក្រៅពីនេះក៏មានបម្រើគោយន្តដឹកជញ្ជូនភ្ញៀវទេសចរលើខ្នងភ្នំត្បែងផងដែរ។ ទាំងនេះសុទ្ធតែជាចំណូលជួយដល់ជីវភាពរបស់ពួកគាត់។ពេលនេះដែរកំណើនភ្ញៀវទេសចរបានជួយបង្កើតការងារពួកគាត់ច្រើនឡើងបន្តបន្ទាប់។
ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ខ្វែ អាទិត្យា អនុ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា៖តំបន់ទេសចរណ៍នៅកម្ពុជាបានស្រូបទាញភ្ញៀវទេសចរ កើនឡើងបន្តបន្ទាប់ ពីសេសនៅចុងសប្តាហ៍ដែលជាថ្ងៃឈប់សម្រាកលំហែកាយតែម្តង។ជាមួយសន្ទុះនៃវិស័យទេសចរណ៍នេះដែរបាននាំមកនូវចំណូលដល់សហគមន៍ក្នុងនេះដូចជាការបម្រើសេវាកម្មទេសចរណ៍ស្ពាយឥវ៉ាន់ប្រើប្រាស់ដល់ភ្ញៀវទេសចរណ៍ជាដើម។
ឯកឧត្តម អនុរដ្ឋលេខាធិការបានថ្លែងថា៖ ទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានជំរុញឱ្យមានការស្រឡាញ់ធម្មជាតិ និងស្រឡាញ់ទឹកដី។ ជាមួយគ្នានេះទេសចរណ៍ផ្សារភ្ចាប់ទឹកដីបានលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដោយក្នុងនោះប្រជាសហគមន៍បានទទួលនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍ជីវភាពក៏ដូចជាអភិវឌ្ឍន៍មូលដ្ឋាន។
គួរបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានដាក់ បញ្ចូលតំបន់ភ្នំត្បែង ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិរួចហើយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ តំបន់បេតិកភណ្ឌភ្នំត្បែងនេះ បានគ្រប់ដណ្តប់ចំនួន៥ស្រុកដូចជា សង្គមថ្មី ស្រុកគូលែន ត្បែងមានជ័យ ស្រុករវៀង និងក្រុងព្រះវិហារ ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត