ប្រជាពលរដ្ឋក្រីក្រ ៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
(ខេត្តកណ្តាល)៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដែលរស់នៅលើទំនប់៩៤ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួន៥២គ្រួសារ និងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ចំនួន៣៨គ្រួសារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធានកាកបាទ ក្រហម កម្ពុជា ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក។

ឯកឧត្ដម បន្ដថាដោយ មើលឃើញការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្ត យើងបានកៀរគរសប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជាមួយគ្នានេះ ផ្តើមចេញពីស្ថានភាពរបស់បងប្អូន និងមន្ត្រីមូលដ្ឋានបានស្នើសុំមកសាខាកាកបាទក្រហម ខេត្ត ទើបយើងមានលទ្ធភាពចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ និងប្រជា ពលរដ្ឋក្រីក្រនាឱកាសនេះ។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានកូនតូចៗត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឱ្យបានខ្ពស់បំផុត ពិសេសចំពោះកុមារតូចៗ ដែលពុំទាន់ចេះហែលទឹក ព្រោះថាពេលនេះ ទឹកទន្លេ ទឹកស្ទឹងកំពុងឡើងខ្លាំង ដូចនេះវាងាយនឹងជួបនូវឧទ្ទវហេតុផ្សេងៗ ដូចជាគ្រោះលង់ទឹកជាដើម។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអនាម័យគឺ ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត ធ្វើបែបនេះក្នុងគោលបំណងបញ្ចៀសឱ្យបានរាល់ជំងឺផ្សេងៗកុំឱ្យកើតមានឡើង នៅក្នុងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង។
សូមបញ្ជាក់ថា៖ អំណោយដែលចែកប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ទាំង៩០គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកត្រី, ម៉ាស់ និងថវិកា ១០ម៉ឺនរៀល ៕


ដោយ-រ៉ាវុធ