អ្នកភូមិទំព័រនាំគ្នាដាំក្រវាញ ដើម្បីថែរក្សាពូជក្រវាញ និង ផ្គត់ផ្គង់លើទីផ្សារ
(ខេត្តពោធិ៍សាត់)៖ តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដើម្បីធ្វើការដាំក្រវាញសម្រាប់ថែរក្សាពូជក្រវាញក៏ដូចជាផ្គត់ផ្គង់ទីផ្សារនោះ នាពេលនេះពលរដ្ឋរស់នៅសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័របានដាំក្រវាញបានជាង៤ពាន់ដើមនៅព្រៃសហគមន៍ និង មួយចំនួនក៏ត្រូវបានដាំតាមផ្ទះសម្បែងពលរដ្ឋផងដែរ។
ភ្នំទំព័រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់។ ភ្នំទំព័រ មានកម្ពស់ ១ ៥៥១ម៉ែត្រ និងត្រូវបានចាត់ទុកជាភ្នំខ្ពស់ជាងគេ លំដាប់លេខ៣ នៅកម្ពុជា។ ភ្នំដ៏ខ្ពស់សន្លឹមនេះ បានក្លាយជាទីឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ នៅខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា ការជំរុញនៃការដាំក្រវាញនៅតាមសហគមន៍នេះ ត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថានដើម្បីសំដៅធ្វើយ៉ាងណារៀបចំសហគមន៍ទំព័រ ដែលអាចជួយបង្កើតប្រាក់ចំណូល និងជួយអភិរក្សក្រវាញក្នុងតំបន់ការពារក្នុងខេត្តពោធិ៍សាត់។
លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិ ទំព័រ បានប្រាប់ឱ្យដឹងថា៖ នាពេលនេះសហគមន៍របស់លោកបានដាំកូនក្រវាញដែលបានបណ្តុះ ២វគ្គកន្លងមកពោលគឺចាប់ពីខែមករាដល់ ខែកុម្ភៈ ឆ្នាំ២០២៣សរុប ៦៨០០កូន ហើយក្នុងចំណោមកូនក្រវាញទាំងនេះបានយកទៅដាំក្នុងព្រៃសហគមន៍ចំនួន ៤៩០០ដើម។ កូនក្រវាញទាំងនេះគឺបានត្រូវយកទៅដាំកាលពីដើម ខែកក្កដា ឆ្នាំ២០២៣ហើយវាកំពុងលូតលាស់ល្អ ។
ប្រធាន សហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័រ រូបនេះបានប្រាប់ថាក្រៅពីដាំក្នុងទីដីសហគមន៍កូនក្រវាញក៏ត្រូវបានប្រជាពលរដ្ឋយកទៅដាំតាមផ្ទះ តាមចំការសម្រាប់ធ្វើពូជនិងផ្គត់ផ្គង់ទីផ្សារផងដែរ។
ទាក់ទិនក្នុងរឿងនេះ អ្នកស្រី ប៉េន ស៊ីថុល ស្រ្តីកសិករគំរូប្រចាំសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានបញ្ជាក់ប្រាប់ថា បើគិតពេលនេះក្រវាញលោកស្រីដែលបានដាំមុននេះចាប់ផ្តើមរីកធំបណ្តើរៗហើយ។ក្នុងចំណោមដើមក្រវាញជាង១០០ដើមនោះខ្លះចាប់ផ្តើមលូតលាស់ល្អ និងខ្លះទៀតក៏មានអន់ដែរតែចំនួនតិចតួចទេ។
ស្រ្តីរូបនេះបានប្រាប់ថា”តាមការសង្កេតក្រវាញដែលដាំតាមផ្ទះដំបូងៗនេះពុំសូវលូតលាស់ដូចក្រវាញដុះក្នុងព្រៃទេ តែយ៉ាងណានៅពេលវាធំឡើងបែកចេញកូននឹងដុះល្អដូចគ្នាក្រវាញក្នុងព្រៃពុំខាន”។
លោក ឈុន ចាន់ធឿន បុគ្គលិករបស់អង្គការ ADRAបានឱ្យដឹងថា អង្គការរបស់លោកក្រៅពីផ្តល់ជំនាញដល់ការបណ្ណុះបណ្តាលដល់ប្រជាសហគមន៍ក្នុងការដាំដំណាំហើយ នៅជួយក្នុងការរកទីផ្សារថែមទៀត។ឃើញថាប្រជាសហគមន៍តំបន់ការពារធម្មជាតិ ភូមិ ទំព័របានទទួលការរីកចម្រើននិងជីវភាពកាន់តែល្អប្រសើរ។
គួររំលឹកថា ក្រវាញស្រស់មួយគីឡូតម្លៃ ២០០០០រៀល ដែលគេអាចកែច្នៃធ្វើជាអាហារដ៏មានឱជារសឆ្ងាញ់ពិសា។ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងភ្នំសំកុស។ ចំពោះកណ្តៀងក្រវាញគេប្រើសម្រាប់ប្រើប្រាស់ជាបន្លែ គេអាចយកទៅស្ងោរ ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ។ កណ្តៀងក្រវាញ មានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ សហគមន៍ប្រមូលកណ្តៀងក្រវាញនៅក្នុងខែមេសា-តុលា ។ក្រវាញមិនត្រឹមតែយកធ្វើម្ហូបមានរសជាតិឆ្ងាញ់ប្លែកទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ដូចជាឱសថ ព្រោះពេលទទួលទានហើយ គឺដើរខ្យល់ស្រួល និងបែកញើសស្រួលខ្លួនផង ៕
ដោយ៖ម៉ាដេប៉ូ