អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន២៩ប្រទេស បានអញ្ជើញចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧

ភ្នំពេញ៖ សម័យប្រជុំដំបូងរបស់រដ្ឋសភាសម្រាប់នីតិកាលទី៧ បានធ្វើ ឡើងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះក៏មានការអញ្ជើញចូលរួម
ពី សំណាក់អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងនេះក៏មាន ឯកអគ្គរដ្ឋទូតអាមេរិក ផងដែរ។

តាមរយៈរូបភាពនិងបញ្ជីឈ្មោះដែលត្រូវបានបង្ហាញជាផ្លូវការបញ្ជាក់ថា អង្គទូតចំនួន៣១ប្រទេសត្រូវបានអញ្ជើញឱ្យចូលរួម ។ក្នុងនោះ អង្គទូត ចំនួន២៩បានអញ្ជើញ ខណៈអវត្តមានអង្គទូតនៃប្រទេសកូវ៉ែត និងប្រទេសកាណាដា។អង្គទូតសំខាន់ៗដែលអញ្ជើញចូលរួមក្នុងនោះ
មាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អូស្រា្តលី ជប៉ុន អង់គ្លេស ចិន អាល្លឺម៉ង់ តួកគី កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន គុយបា ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម ឡាវ ទីម័រឡេស្តេ ជាដើម។ ព្រមទាំងមន្រ្តីការទូត ហ្វីលីពីន ឆេក បារាំង ថៃ ហុងគ្រី ឥណ្ឌូនេស៊ី ញូវសេលេនស្វីស លេខាទី១ សហភាពអឺរ៉ុប ផងដែរ។

សម័យប្រជុំនេះគឺជាព្រឹត្តការណ៍ដ៏សំខាន់ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញ ព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

សូមជម្រាបថា សម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភាបានធ្វើ ឡើងនៅព្រឹកថ្ងៃទី២១ ខែសីហាបន្ទាប់សម័យប្រជុំ ដំបូងនៃរដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រកម្ពុជា ដោយមានរបៀបវារៈចំនួនពីរគឺ ទី១-ការសម្រេចអំពី សកលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ។ ទី២-ការអនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នីតិកាលទី៧ ។ អង្គរដ្ឋសភា ក៏បានធ្វើការ អនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នីតិកាទី៧ ទាំងមូល ។ សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នឹងបន្តនៅព្រឹក ថ្ងៃទី២២ ខែសីហា ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់ សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner