ពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៖ ទូតចំនួន២៩ប្រទេស និងសហភាពអឺរ៉ុប រួមទាំងអង្គការអន្តរជាតិជាង៤០ បានអញ្ជើញចូលរួម

ភ្នំពេញ៖ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អង្គទូត រូមទាំងឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា សហរដ្ឋរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ចិន រុស្ស៊ី និងសហភាពអឺរ៉ុប រួមទាំងអង្គការអន្តរជាតិប្រមាណជាង៤០ បានអញ្ជើញចូលរួមក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

តាមវត្តមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញចូលរួមក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ គឺមានចំនួន២៩ ដោយអវត្តមានទូតគុយវ៉េត និងកាណាដា។ ឯកអគ្គរដ្ឋទូតទូតសំខាន់ៗដែលអញ្ជើញចូលរួមមានដូចជា៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អូស្រា្តលី ជប៉ុន អង់គ្លេស ចិន អាល្លឺម៉ង់ តួកគី កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន គុយបា ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម ឡាវ ទីម័រឡេស្តេ ព្រមទាំងមន្រ្តីការទូត ហ្វីលីពីន ឆេក បារាំង ថៃ ហុងគ្រី ឥណ្ឌូនេស៊ី ញូវសេលេន ស្វីស លេខាទី១ សហភាពអឺរ៉ុបផងដែរ។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ រួចមក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិករដ្ឋសភា ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលមានអាយុច្រើនជាងគេ ដោយមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានអាយុតិចជាងគេចំនួន៥រូប ជាជំនួយការ ក៏បានបន្តដឹកនាំបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដោយបានធ្វើការអនុម័តធ្វើការអនុម័តលើរបៀបវារៈចំនួន២ គឺទី១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងទី២-ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧។

សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នឹងបន្តនៅព្រឹក ថ្ងៃទី២២ ខែសីហា ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំអស់ នៃរដ្ឋសភា និងផ្ដល់ សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕
ដោយ៖ពលជ័យ

ads banner