សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍រួមស្តីពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧។

ក្នុងសេចក្តីថ្លែងការរួម មានខ្លឹមសារថា ស្របពេលយើងខ្ញុំទាំងអស់គ្នា ជាប្រធានអង្គការសមាគមមិនមែនរដ្ឋាភិបាល នៃសមាជិកសម្ព័ន្ធភាពអង្គការ សង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រការបើកសម័យប្រជុំ លើកដំបូងរបស់រដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ស្របពេលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានបង្ហាញការជឿជាក់លើការដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញទៅដោយសមត្ថភាព ដើម្បីបន្តដឹកនាំ ប្រទេសកម្ពុជា ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនបន្តទៀត។ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូងន រដ្ឋសភាជាតិ នីតិកាលទី៧ បានប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចបរម នាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ទ្រង់បានមានព្រះបន្ទូល ដ៏ខ្ពង់ខ្ពស់បំផុតថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នឹងបំពេញភារកិច្ចតាមគោលនយោបាយរបស់ខ្លួន ដោយបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងពង្រឹង ប្រព័ន្ធសុវត្ថិភាពសង្គម ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនគ្រប់វិស័យ៕
ដោយ៖ពលជ័យ

ads banner