អូស្ត្រាលីប្រើប្រាស់នាវាចម្បាំងដ៏ធំបំផុតរបស់ខ្លួនក្នុងសមយុទ្ធនៅហ្វ៊ីលីពីន
ម៉ែលប៊ន៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ប្រទេសអូស្ត្រាលីបានប្រើប្រាស់នាវាចម្បាំងដ៏ធំបំផុតរបស់ខ្លួនចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ខណៈភាគីទាំង ៣ កំពុងពង្រឹងទំនាក់ទំនងការពារជាតិដើម្បីប្រឈមមុខនឹងវត្តមានយោធារបស់ចិនដែលកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់។
គួរដឹងដែរថា ប្រទេសចិនបានដាក់ពង្រាយឆ្មាំឆ្នេរសមុទ្ររាប់រយនាក់ កងទ័ពជើងទឹក និងនាវាផ្សេងៗទៀត ដើម្បីល្បាត និងការពារតំបន់ប្រជុំកោះនៅតំបន់ដែនទឹកដែលកំពុងមានជម្លោះនោះ ហើយចិនតែងតែបានអះអាងទាមទារថាជាដែនទឹករបស់ខ្លួនទាំងស្រុង បើទោះបីជាមានសេចក្តីសម្រេចជាអន្តរជាតិថា ការទាមទាររបស់ចិនគ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
នាវាមួយគ្រឿងឈ្មោះថា HMAS Canberra គឺជានាវាមួយក្នុងចំណោមនាវាជាច្រើនទៀតដែលបានចូលរួមក្នុងការធ្វើសមយុទ្ធនៅក្នុងប្រទេសហ្វ៊ីលីពីន។ សមយុទ្ធនេះត្រូវបានប្រារព្ធឡើងជាលើកដំបូងដែលរួមបញ្ចូលទៅក្នុងផ្នែកមួយនៃសកម្មភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិកប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី។
នៅក្នុងសមយុទ្ធនេះផងដែរ ទាហានជាង ២០០០ នាក់មកពីប្រទេសអូស្ត្រាលី និងហ្វ៊ីលីពីន កំពុងចូលរួមក្នុងសមយុទ្ធផ្លូវអាកាស សមុទ្រ និងផ្លូវគោក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែសីហា។ បន្ថែមលើនេះ ទាហានជើងទឹករបស់សហរដ្ឋអាមេរិកប្រមាណជា ១៥០ នាក់ក៏កំពុងចូលរួមក្នុងសមយុទ្ធនេះផងដែរ។
កាលពីថ្ងៃចន្ទ ភាគីទាំង៣ បានធ្វើសមយុទ្ធវាយប្រហារតាមអាកាសនៅភាគខាងត្បូងនៃកោះប៉ាឡាវ៉ាន (Palawan) របស់ហ្វ៊ីលីពីន ដែលមានចម្ងាយប្រហែលជា ២០០ គីឡូម៉ែត្រពីប្រជុំកោះ Spratly ដែលជាទីតាំងដែលមានភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង អស់ជាច្រើនឆ្នាំមកហើយ។
អ្នកស្រី ហេ ក្យុងយូ (Hae Kyong Yu) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅទីក្រុងម៉ានីល បានលើកឡើងនៅឯអាកាសយានដ្ឋានមួយនៅប្រទេសហ្វ៊ីលីពីនថា «មិនខុសគ្នាពីប្រទេសហ្វ៊ីលីពីននោះទេ អូស្ត្រាលីចង់បានតំបន់ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព ដែលគោរពអធិបតេយ្យភាព និងដែលប្រកាន់យកច្បាប់អន្តរជាតិជាគោល»។
អ្នកស្រីបានបន្តថា «សមយុទ្ធនេះគឺមានសារៈសំខាន់ណាស់ ព្រោះនេះជាការបង្ហាញថា យើងកំពុងធ្វើឱ្យផែនការរបស់យើង ក្លាយទៅជាសកម្មភាពពិតប្រាកដ»។ គួរដឹងដែរថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ក៏នឹងធ្វើសមយុទ្ធជើងទឹករួមគ្នានៅក្បែរប្រទេសហ្វ៊ីលីពីនផងដែរនៅក្នុងសប្តាហ៍នេះ។
មេបញ្ជាការកងកម្លាំងជើងទឹករបស់អូស្ត្រាលី លោក ហ្វ៊ីលីផា ហេ (Phillipa Hay) បានប្រាប់អ្នកសារព័ត៌មាននៅលើនាវា HMAS Canberra ថា «នាវាទាំងនោះបានមកពីសមយុទ្ធនៅប្រទេសអូស្ត្រាលីដែលមានឈ្មោះថា Talisman Sabre ហើយឥឡូវនេះពួកគេកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ វាជារឿងធម្មតាសម្រាប់ពួកយើងក្នុងការហ្វឹកហាត់ជាមួយដៃគូរបស់យើងនៅពេលធ្វើដំណើរទៅ និងមកពីសមយុទ្ធទាំងនេះ»។
សមយុទ្ធនេះផងដែរ បានកើតឡើងបន្ទាប់ពីបេសកកម្មផ្គត់ផ្គង់គ្រឿងសម្ភារមួយរបស់ហ្វ៊ីលីពីនទៅកាន់ទីតាំងថូម៉ាសសូលទី២ (Second Thomas Shoal) នៅតំបន់ប្រជុំកោះ Spratly កាលពីថ្ងៃទី៥ ខែសីហា ត្រូវបានរារាំងដោយនាវាឆ្មាំសមុទ្រចិន តាមរយៈការប្រើប្រាស់កាណុងបាញ់ទឹក ដែលបង្កឱ្យមានជម្លោះការទូតយ៉ាងខ្លាំង។
កាណូតមួយគ្រឿងដែលបានដឹកគ្រឿងសម្ភារផ្គត់ផ្គង់ទៅកាន់ទីតាំងនោះត្រូវបានរារាំងមិនឱ្យទៅដល់ច្រាំងសមុទ្រ ប៉ុន្តែកាណូតមួយទៀតអាចដឹកជញ្ជូនទំនិញទៅបាន។ យោធាហ្វ៊ីលីពីនបានឱ្យដឹងថា ខ្លួននឹងបញ្ជូនគ្រឿងសម្ភារផ្គត់ផ្គង់បន្ថែមទៀតទៅកាន់ទីបញ្ជាការដាច់ស្រយាល ដែលជាកន្លែងដែលកងទ័ពជើងទឹកហ្វ៊ីលីពីនមួយចំនួនកំពុងឈរជើងនៅទីតាំងខ្មោចនាវាមួយកន្លែង។
ខ្មោចនាវានោះមានឈ្មោះថា BRP Sierra Madre។ វាបានជាប់គាំងនៅតំបន់លើថ្មប៉ប្រះទឹកមួយកន្លែងកាលពីឆ្នាំ១៩៩៩ ហើយភាគីចិនតែងតែបានទាមទារឲ្យហ្វ៊ីលីពីនដកកងកម្លាំងចេញពីតំបន់នោះ ប៉ុន្តែភាគីហ្វ៊ីលីពីនតែងតែបានបដិសេធចំពោះការទាមទាររបស់ចិន៕ ធា សុណា