ជប៉ុននឹងបញ្ចេញកាកសំណល់ទឹកចូលសមុទ្រពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ានាថ្ងៃព្រហស្បតិ៍នេះ ទោះបីមានការរិះគន់

អត្ថបទដោយ៖
CPA

តូក្យូ៖ ប្រទេសជប៉ុនបាននិយាយនៅថ្ងៃទី២២ខែសីហាថា ខ្លួននឹងចាប់ផ្តើមបញ្ចេញកាកសំណល់ទឹកវិទ្យុសកម្មជាងមួយលានតោន ដែលឆ្លងកាត់ការបន្សុទ្ធរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ទោះបីជាមានការរិះគន់ប្រឆាំងពីប្រទេសក្នុងតំបន់ខ្លាំងៗ ជាពិសេសចិន។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា បាននិយាយថា ៖ «ខ្ញុំបានស្នើឱ្យក្រុមហ៊ុន TEPCO (ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ) រៀបចំឱ្យបានឆាប់រហ័សសម្រាប់ការបង្ហូរទឹក ឱ្យស្របតាមផែនការដែលបានអនុម័តដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ ហើយរំពឹងថា ការបញ្ចេញទឹកនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែសីហា»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គួរបញ្ជាក់ថា ផែនការបញ្ចេញកាកសំណល់ទឹក ទទួលបានការអនុម័តពីរដ្ឋាភិបាលជប៉ុនកាលពី ២ ឆ្នាំមុន ដែលមានសារៈដើម្បីធ្វើការរុះរើរោងចក្រនុយក្លេអ៊ែរ ដែលដំណើរការដោយក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO)។

ការប្រកាសរបស់លោក គីហ្ស៊ីដា ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបាននិយាយថា ខ្លួនមានការយល់ដឹងពីក្ដីព្រួយបារម្ភលើវិស័យឧស្សាហកម្មនេសាទជុំវិញការបញ្ជេញកាកសំណល់ទឹកនេះ ខណៈក្រុមអ្នកនេសាទបានលើកឡើងថា ខ្លួននៅតែភ័យខ្លាចថាវាអាចធ្វើឱ្យខូចខាតកេរ្តិ៍ឈ្មោះ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ។

ទោះបីជាយ៉ាងនេះក៏ដោយ លោក គីហ្ស៊ីដា បានថ្លែងកាលពីថ្ងៃចន្ទថា ៖ «ខ្ញុំសន្យាថា យើងនឹងទទួលខុសត្រូវទាំងស្រុងក្នុងការធានាឱ្យឧស្សាហកម្មនេសាទ អាចបន្តចិញ្ចឹមជីវិតរបស់ពួកគេ ទោះបីជាវានឹងចំណាយពេលច្រើនទសវត្សរ៍ក៏ដោយ»។

កន្លងមក រដ្ឋាភិបាលជប៉ុននៅតែអះអាងម្ដងហើយម្ដងទៀតថា ការបញ្ចេញកាកសំណល់ទឹកពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងគ្រោះខូចខាតដោយសារតែរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ ២០១១ នឹងមានសុវត្ថិភាព ហើយមិនអីនោះទេ។

ជាមួយគ្នានោះ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា ជប៉ុនបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់ដែលនឹងមានចំពោះមនុស្ស និងបរិស្ថាន គឺមានមានជាដុំកំភួននោះទេ។

លើសពីនេះ ប្រទេសជិតខាងមួយចំនួន បានសម្តែងការមន្ទិលសង្ស័យលើសុវត្ថិភាពនៃផែនការរបស់រដ្ឋាភិបាលជប៉ុន ដោយទីក្រុងប៉េកាំងបានចេញមុខជាអ្នករិះគន់ខ្លាំងជាងគេ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនប៊ីន បានថ្លែងកាលពីខែកក្កដាថា ជប៉ុនបានបង្ហាញពីភាពអាត្មានិយម និងក្រអឺតក្រទម ហើយមិនបានពិគ្រោះជាមួយសហគមន៍អន្តរជាតិទាំងស្រុង អំពីការបញ្ចេញទឹកនោះទេ។

ប្រតិកម្មទៅនឹងការណ៍នេះចិនហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន ១០ របស់ជប៉ុន រួមទាំងអាហារដែលនាំចូលពីខេត្តហ្វូគីស៊ីម៉ា និងក្រុងតូក្យូផងដែរ។ ការនាំចូលអាហារសមុទ្រពីខេត្តជប៉ុនផ្សេងទៀត ត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវតែឆ្លងកាត់ការធ្វើតេស្តវិទ្យុសកម្ម និងមានភស្តុតាងដែលបង្ហាញថា វាផលិតនៅក្រៅខេត្តទាំង១០ ដែលចិនហាមឃាត់ ជាមុនសិន។

ចំណែកឯសកម្មជនកូរ៉េខាងត្បូងវិញ ក៏បានតវ៉ាចំពោះផែនការផងដែរ បើទោះបីជាទីក្រុងសេអ៊ូលបានសន្និដ្ឋានពីការសិក្សារបស់ខ្លួនថា ការបញ្ចេញទឹកពីរោងចក្រ ត្រូវតាមស្តង់ដារអន្តរជាតិ ហើយកូរ៉េខាងត្បូងគោរពការវាយតម្លៃរបស់ IAEA ក៏ដោយ៕ ប្រែសម្រួ៖ ហួន ឌីណា

ads banner