វេទិកាការងារនៅថ្ងៃស្អែកនេះនឹងផ្តល់ឱកាសការងារ ៧៩៩កន្លែង សម្រាប់យុវជន
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ឱកាសការងារដែលមានសរុបចំនួន ៧៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។
បើយោតាមការឱ្យដឹងពីសំណាក់ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា៖ចំពោះសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់វិទ្យាស្ថាន IFL។
លោក នៅ សិទ្ធី មន្ត្រីធនធានមនុស្ស ធនាគារ កាថេ យូណៃធីត លើកឡើងថា វេទិកាការងាររបស់ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនកន្លងមកក្នុងការជ្រើសរើសបុគ្គលិក ព្រោះកម្មវិធីនេះបានផ្តល់ឱកាសដល់ខាងក្រុមហ៊ុនបានជួបដោយផ្ទាល់ជាមួយនឹងអ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារជាដើម។
លោកបានឱ្យដឹងបន្ថែមថា កន្លងមកធនាគារ កាថេ ធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកច្រើនសាររួចមកហើយដែរ។ ជាលទ្ធផល ធនាគារទទួលបានបុគ្គលិកជាច្រើនរូបបាន និងកំពុងបម្រើការងារជាមួយធនាគារផងដែរ។ លោកមានជំនឿថា សម្រាប់វេទិកាការារថ្ងៃស្អែកនេះ នឹងមានសិស្ស/និស្សិតជាច្រើន មកចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយនឹងធនាគាររតាមរយៈការផ្សព្វផ្សាយរបស់ NEA។
គួរបញ្ជាក់ថាក្រុមហ៊ុនធំៗទាំង១0នោះរួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕
ដោយ ៖ ម៉ាដេប៉ូ