ឯកឧត្តម ប្រាក់ សុខុន៖ បន្ទាត់នយោបាយ គឺជាផ្នែកដ៏សំខាន់បំផុត ដែលត្រូវផ្តល់ជូនអ្នកការទូតនូវគោលនយោបាយការបរទេស និងគោលដៅដ៏ច្បាស់លាស់មួយជាមាគ៌ាបង្ហាញទិស
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា បន្ទាត់នយោបាយ គឺជាផ្នែកដ៏សំខាន់បំផុត ដែលត្រូវផ្តល់ជូនអ្នកការទូតនូវគោលនយោបាយការបរទេស និងគោលដៅដ៏ច្បាស់លាស់មួយ ជាមាគ៌ាបង្ហាញទិស។ ថ្វីត្បិតយើងមិនទាន់បានចងក្រងជាសៀវភៅស ស្តីពីនយោបាយការបរទេសរបស់កម្ពុជា ដែលទាមទារពេលវេលា ការស្រាវជ្រាវ សិក្សាពិចារណា និងការសម្របសម្រួលខ្ពស់នោះក្តី ប៉ុន្តែយើងបានរៀបចំតាក់តែងនូវការងារធំៗ ៥យ៉ាង ដែលបំពេញបន្ថែម កែលំអ និងសម្របតាមកាលៈទេសៈបត់បែនតាំងពីឆ្នាំ២០១៧មក ហើយត្រូវបានលើកទឹកចិត្ត និងគាំទ្រដោយសម្តេចតេជោ ទុកជាមគ្គុទ្ទេស នៃការងារការទូតរបស់យើង។ ការងារធំៗទាំង ៥នោះរួមមាន៖ (១) ការការពារផលប្រយោជន៍គោលរបស់ជាតិ ជាពិសេសការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកិត្យានុភាពរបស់កម្ពុជា, (២) ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិប្រកបដោយភាពបត់បែន វាងវៃ ឆ្លើយតបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយដ៏តានតឹងស្មុគ្រស្មាញ, (៣) ការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព មនុស្សធម៌ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក, (៤) ការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និង (៥) ការបន្តការដ្ឋានកំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង ដើម្បីរៀបចំអង្គអ្នកការទូត ប្រកប ដោយ វិជ្ជាជីវៈ សកម្ម មានសមត្ថភាព និងស្នេហាជាតិ។ ជារួម យើងបានការពារយ៉ាងគត់មុតនូវ ឯករាជ្យ និងអធិបតេយ្យជាតិ តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់យើង ការពារបូរណភាពទឹកដី តាមរយៈការការពារ និងចរចាយ៉ាងស្វិតស្វាញ ដើម្បីការពារដែនដីរបស់យើង ការពារយុត្តិធម៌ កិត្តិយស កេរ្តិ៍ឈ្មោះរបស់យើង នៅគ្រប់វេទិកា និងទីកន្លែងណាដែលត្រូវពួកអមិត្តបំភ្លៃ និងវាយប្រហារ។
អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាដែលត្រូវទទួលការងារ និងមុខតំណែងថ្មី ឯកឧត្តម ប្រាក់ សុខុន បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់អាណត្តិថ្មី ផងដែរ ។
ឯកឧត្តម ប្រាក់ សុខុន លើកឡើងថា រដ្ឋសភាជាតិ នៅថ្ងៃទី២២សីហា ឆ្នាំ២០២៣ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្ត្រីថ្មី ភាគច្រើនជាឥស្សរជនវ័យក្មេង ដែលបានទទួលការបណ្តុះបណ្តាលថ្នាក់ខ្ពស់ ហ្វឹកហាត់ការងារត្រឹមត្រូវ និងប្រកបទៅដោយមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅ។
ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីការផ្ដល់សេចក្ដីទុកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ឲ្យនូវបេសកកម្មដ៏ថ្លៃថ្នូរបំផុត ក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជនយើង លើសមរភូមិការទូតនានា នៅក្នុងតំបន់ និងពិភពលោក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ។ ឯកឧត្តម ក៏បានលើកឡើងការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលជាវិទ្យាស្ថានដំបូងបំផុតរបស់ក្រសួងការបរទេស បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងវិជ្ជាជីវៈ និងក្រមសីលធម៌នៃអ្នកការទូត ក៏ដូចជាមន្ត្រីនៃក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។ ជាមួយនេះ យើងក៏បានរៀបចំឲ្យមានប្រព័ន្ធពត៌មានវិទ្យាមួយដែលល្អប្រសើរ និងបានរៀបចំរចនាគេហទំព័រ (Website) របស់ក្រសួងដែលទាន់សម័យ និងមានផ្ទុកព័ត៌មានសម្បូរបែប។ ទន្ទឹមនោះ ក្រុមការងារប្រព័ន្ធបណ្តាញសង្គម (Facebook) របស់ក្រសួងបានរៀបចំបង្ហោះព័ត៌មានពីសកម្មភាពថ្នាក់ដឹកនាំ និងសេចក្តីប្រកាសសេចក្តីថ្លែងការណ៍នានាជាប្រចាំ ដែលជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ទាំងអង្គទូត ទាំងសារព័ត៌មាន និងមហាជនទូទៅ ។
ឯកឧត្តមបន្តថា ក្នុងក្របខណ្ឌទ្វេភាគីក្តី ពហុភាគីក្តី យើងបានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក បង្ហាញនូវសាមគ្គីភាព រួមវិភាគទានឥតសំចៃដល់ផ្នែកមនុស្សធម៌ និងសន្តិភាព មានការជួយសង្គ្រោះអ្នកដំណើរលើនាវា Westerdam ការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសជិតខាងជាច្រើន និងវត្តមានកងទ័ពមួកខៀវរបស់យើង នៅទ្វីបអាហ្រ្វិក និងតំបន់មជ្ឈិមបូព៌ា ជាឧទាហរណ៍ស្រាប់។ ដោយឡែកយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានដាក់ឱ្យអនុវត្តកាលពីខែមករា ឆ្នាំ២០២១ ក្នុងគោលបំណងរួមចំណែក៖ ១) ជម្រុញពាណិជ្ជកម្មអន្តរជាតិ, ២) ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស, ៣) លើកកម្ពស់វិស័យទេសចរណ៍ និង ៤) ជម្រុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា។ ស្តែងចេញពីការងារខាងលើនេះ សៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបរៀងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានទទួលជ័យលាភីធំៗចំនួន ៣ ផងដែរ ។
ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងទៀតថា យើងបានឆ្លងផុតជាមួយគ្នានូវឧបសគ្គ ការប្រឈមធំៗ និងអបអរជាមួយគ្នា នូវជោគជ័យទាំងនោះបាន ក៏ដោយសារមានការគាំទ្រ ការលើកទឹកចិត្ត ការចង្អុលផ្លូវ និងចង្អុលទិស ប្រកបដោយភាពវៀងវៃ និងកិត្តិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខការទូតដ៏កំពូលផុតគេក្នុងប្រវត្តិសាស្ត្រខ្មែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ