រដ្ឋមន្ត្រីការបរទេសថ្មី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តដំណើរការក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្រ្ត នយោបាយ សេដ្ឋកិច្ច និងយោធា រវាងមហាអំណាចធំបំផុតទាំងពីរ ដែលមានភាពតានតឹងខ្លាំង

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តដំណើរការក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និង យោធា រវាងមហាអំណាចធំបំផុតទាំងពីរ ដែលមានភាពតានតឹងខ្លាំងឡើង។ ការបញ្ជាក់នេះ ក្នុងពិធីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា នៅក្នុងស្ថានការណ៍អន្តរជាតិវិវត្តន៍ បត់បែន ប្រែប្រួល យ៉ាងស្មុគស្មាញ និងឆាប់រហ័សនេះ ការបន្តវេនគឺទាមទារឱ្យមាននិរន្តរភាពនៃការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជាដែលក្នុងនោះគឺ

១/ បន្តគោរពឱ្យបានជាដាច់ខាតគោលការណ៍ធំៗដូចដែលមានចែងរដ្ឋធម្មនុញ្ញ ពោលគឺ ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតនៅលើពិភពលោក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះក្រោមរូបភាពណាក៏ដោយ មិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអាព្យាក្រឹតភាពរបស់ខ្លួនឡើយ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន។

២/ អនុវត្តដោយឥតងាករេ នូវ កម្មវិធីគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមានការបន្តផ្តោតសារៈសំខាន់ និងផលប្រយោជន៍លើការងារចម្បងៗចំនួន៥ដែលរួមមាន ទី១៖ បន្តការពារផលប្រយោជន៍ស្នូលរបស់កម្ពុជាដោយគោរព និងការពារយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងបន្តអនុវត្តការងារការទូតបុរេសកម្ម ដើម្បីទទួលបាននូវការគោរពដល់អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និង ការទទួលស្គាល់នូវបំណងប្រាថ្នា និងភាពចាំបាច់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទី២៖ បន្ត អនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការគោរពនិយាម គោលបំណង និងគោលការណ៍នានា នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និង អាស៊ាន បន្តអនុវត្តការទូតទន់ភ្លន់, ប៉ុន្តែ ម៉ឺងម៉ាត់, បត់បែន និង ថ្លឹងថ្លែង ស្របតាមការផ្លាស់ប្ដូរផ្នែកយុទ្ធសាស្ត្រ, ភូមិសាស្ត្រនយោបាយតំបន់ និង ពិភពលោក ។

៣/ រួមចំណែកកាន់តែសកម្មក្នុងកិច្ចប្រឹងប្រែងតំបន់ និងសកលលោក ដើម្បីថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព បន្តប្រយុទ្ធប្រឆាំងនឹង ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ អំពើភេរវកម្ម ជំងឺឆ្លងនានា។ល។

៤/រឹតចំណងខាងសេដ្ឋកិច្ចជាមួយដៃគូចាស់ និងថ្មី ជំរុញការទាក់ទាញវិនិយោគ, ស្វែងរកទីផ្សារសម្រាប់ផលិតផល និងគាំទ្រដល់ឧស្សាហកម្មនាំចេញ, លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ ដោយផ្អែកលើប្រៀបខ្លាំងនៃសក្តានុពលសេដ្ឋកិច្ច និងបេតិកភណ្ឌប្រវត្តិសាស្ត្រសម័យអង្គររបស់យើង, និងជំរុញអនុវត្តកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី និងយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីគាំទ្រផលិតកម្ម និងកំណើនសេដ្ឋកិច្ចក្នុងស្រុក ។ ទី៥៖ បន្តយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សខាងវិស័យការទូត ដែលត្រូវការពេល, មធ្យោបាយ, ធនធានបញ្ញា និងការលើកទឹកចិត្តសមស្រប ដើម្បីរក្សាទុក និងទាក់ទាញអ្នកមានសមត្ថភាព និងទេពកោសល្យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បន្តទៀតថា
ក្នុងស្មារតីនៃការអនុវត្តស្របតាមនយោបាយការបរទេសដែលបានកំណត់ខាងលើ យើងនឹងបន្តអភិវឌ្ឍ និង អនុវត្ត យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ដោយបន្តទាក់ទាញវិនិយោគបរទេសដែលមានការធានាចីរភាពបរិស្ថាន បន្តលើកកម្ពស់វិស័យ ទេសចរណ៍ និងជាអាទិភាព គឺលើកស្ទួយការផ្លាស់ប្តូរ វប្បធម៌ និងកីឡា និងអភិវឌ្ឍ និងជំរុញនូវការទូតឌីជីថល។

ដើម្បីទទួលបានលទ្ធផលពីភារកិច្ចខាងលើ ខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់កំលាំងកាយចិត្តបំពេញភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ តាមគន្លងធម៌ ក្នុងមនសិការស្នេហាជាតិដ៏ស្មោះស្ម័គ្រ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ទន្ទឹមនេះឯកឧត្តម នឹងខិតខំឈ្វេងយល់ ពីយុទ្ធសាស្រ្តការទូតបទពិសោធន៍ដ៏សន្ធឹកសន្ធាប់ និងការធ្វើសេចក្តីសម្រេចដ៏វាងវៃ និង ត្រងត្រាប់អនុវត្តតាមដំបូន្មានរបស់សម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន និងស្របតាមការចង្អុលបង្ហាញ ណែនាំ និងអនុសាសន៍ដឹកនាំ របស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានចំណេះដឹង និងបទពិសោធន៍ដឹកនាំយោធា។ ជាមួយគ្នាផងដែរ ខ្ញុំសូមស្នើសុំនូវ ការគំាទ្រផ្នែកស្មារតី ការចែករំលែកបទពិសោធន៍ជោគជ័យ ការផ្តល់ចក្ខុវិស័យ និងអនុសាសន៍ដ៏ថ្លៃថ្លា របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីយើងអាចសម្រេចបានជោគជ័យនូវភារកិច្ច និងបេសកកម្មខាងលើ ជូនជាតិមាតុភូមិ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការគាំទ្រ កិច្ចសហការ និងការចូលរួមចំណែករបស់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការទាំងមូលជាកត្តាសត្យានុម័តដែលមិនអាចខ្វះបាន ។

ហេតុដូច្នេះសូមលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ មេត្តាចូលរួមអនុវត្ត និងសហការ ដោយប្រើប្រាស់នូវបទពិសោធន៍ដ៏ទូលំទូលាយ និងបញ្ញាញាណ ក្នុងស្មារតីបុរេសកម្ម ម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នា សម្រេចជោគជ័យ នូវបេសកកម្មដ៏ថ្លៃថ្លា និង ខ្ពង់ខ្ពស់ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ឲ្យយើង។ ការចូលរួម អនុវត្ត និងសហការប្រកបដោយសាមគ្គីភាព ភាតរភា ព និងការយោគយល់ អធ្យាស្រ័យ របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ នឹងមិនត្រឹមតែនាំមកនូវជោគជ័យសម្រាប់ក្រសួងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យយើងទាំងអស់អាចរួមគ្នាបន្តថែរក្សា និង អភិវឌ្ឍកេរ្តិ៍ដំណែលក្នុងវិស័យការទូតនេះសម្រាប់ជាតិមាតុភូមិ និងប្រជាជាតិរបស់យើងបន្តទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner