លោក ម៉ូឌី អះអាងថា ឥណ្ឌានឹងក្លាយជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចពិភពលោក
ចូហាន់នីសស្បឺគ៖ មេដឹកនាំឥណ្ឌាបានប្រាប់កិច្ចប្រជុំកំពូល BRICS នៅទីក្រុងចូហាន់នីសស្បឺគ ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌាកំពុងឈានដល់ទឹកប្រាក់ ៥ទ្រីលានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រាប់វេទិកាធុរកិច្ច BRICS នៅទីក្រុងចូហាន់នីសស្បឺគ ថា ប្រទេសឥណ្ឌានឹងក្លាយជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចរបស់ពិភពលោកនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួននៅតែបន្តកើនឡើង។
ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់គាត់ ក្នុងការធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាទិសដៅដ៏ទាក់ទាញសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ លោក ម៉ូឌី បានសាទរចំពោះកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសឥណ្ឌា ទោះបីជាមានភាពចលាចលក្នុងពិភពលោកក៏ដោយ។
នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តនៃរដ្ឋាភិបាលរបស់គាត់ ក្នុងការជំរុញបរិយាកាសអំណោយផល សម្រាប់ការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិ។ លោកថា វិស័យដែលបានដាក់កំហិតពីមុនដូចជាវិស័យការពារជាតិ និងអវកាស ត្រូវបានបើកចំហដល់វិស័យឯកជន ក្នុងគោលបំណងជំរុញការបង្កើតថ្មី និងជំរុញកំណើនសេដ្ឋកិច្ច៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា