រដ្ឋមន្រ្តីការបរទេសអាណត្តិថ្មី៖ ការងារកំណែទម្រង់ត្រូវអនុវត្តបន្តទៀត ដើម្បីប្រែក្លាយក្រសួងការបរទេស ឱ្យទៅជាសេនាធិការដ៏រឹងមាំក្នុងវិស័យការទូត សម្រាប់ផលប្រយោជន៍ជាតិ
(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់អាណត្តិថ្មី បានប្ដេជ្ញាខិតខំប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្ត បំពេញភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ តាមគន្លងធម៌ ក្នុងមនសិការស្នេហាជាតិដ៏ស្មោះស្ម័គ្រ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម សុខ ចិន្តាសោភា បានប្តេជ្ញាចិត្តបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាដែលត្រូវទទួលការងារ និងមុខតំណែងថ្មី ឯកឧត្តម ប្រាក់ សុខុន ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្នុងគោលបំណងបន្តនិរន្តភាព នៃប្រសិទ្ធិភាពស្ថាប័ន ក៏ដូចជាធានាបានជោគជ័យថ្មីៗនាពេលខាងមុខ ការងារកំណែទម្រង់នឹងត្រូវអនុវត្តបន្តទៀត ដើម្បីប្រែក្លាយក្រសួងការបរទេស ឱ្យទៅជាសេនាធិការដ៏រឹងមាំក្នុងវិស័យការទូត ដើម្បីផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម សុខ ចិន្តាសោភា បានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តដំណើរការក្នុងបរិបទ នៃការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងយោធា រវាងមហាអំណាចធំបំផុតទាំងពីរ ដែលមានភាពតានតឹងខ្លាំងឡើង ។

ឯកឧត្តម ក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ចូលរួមអនុវត្ត និងសហការដោយប្រើប្រាស់នូវបទពិសោធន៍ និងបញ្ញាញាណ ក្នុងស្មារតីបុរេសកម្ម ម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាសំរេចជោគជ័យនូវបេសកកម្មដ៏ថ្លៃថ្លា ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ឲ្យ។ ការចូលរួមអនុវត្ត និងសហការ និងការយោគយល់អធ្យាស្រ័យគ្នា មិនត្រឹមតែនាំមកនូវជោគជ័យសម្រាប់ក្រសួងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យយើងទាំងអស់ អាចរួមគ្នាបន្តថែរក្សា និងអភិវឌ្ឍកេរ្តិ៍ដំណែលក្នុងវិស័យការទូតនេះ សម្រាប់ជាតិមាតុភូមិ និងប្រជាជាតិរបស់យើងបន្តទៀត ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ