ក្រសួងកសិកម្ម គាំទ្រដល់កសិករឱ្យមានការពង្រីកដាំកាហ្វេរ៉ូប៊ូស្តា និងការប្រើប្រាស់កាហ្វេនេះ នៅកម្ពុជា

ភ្នំពេញ៖​​ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានឱ្យដឹងថា ដោយសារតែ កំណើននៃការទទួលទានកាហ្វេនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ទើបក្រសួងកសិកម្ម បាននិងកំពុងឱ្យមានការពង្រីកដាំកាហ្វេរ៉ូប៊ូស្តា និងការប្រើប្រាស់កាហ្វេនេះនៅកម្ពុជា។ជាការកត់សម្គាល់បច្ចុប្បន្នការដាំដុះកាហ្វេប្រភេទរ៉ូប៊ូស្តានេះ នៅមានតិចតួចនៅឡើយ។

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា នៅកម្ពុជា កាហ្វេរ៉ូប៊ូស្តា នៅមាន​ចំនួន​តិចតួចនៅឡើយ​ទេ ខណៈដែលកាហ្វេប្រភេទនេះ ស័ក្តិសមនឹងសណ្ឋា​នដីនៅខេត្តមណ្ឌលគិរីបំផុត ដោយសារតែជាតំបន់ខ្ពង់រាប មានអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់ច្រើនដែលធ្វើឱ្យវាលូតលាស់បានល្អ។

លោកបានបន្ថែមថា សព្វថ្ងៃនេះ ខេត្តមណ្ឌលគិរី មានដាំដុះកាហ្វេច្រើនគួរសម តែនៅតិចជាងតម្រូវការដែលមាននាពេលប​ច្ចុប្បន្ននេះ ដែលធ្វើឱ្យកម្ពុជាត្រូវនាំចូលកាហ្វេបន្ថែមពីក្រៅប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា ៖ «បច្ចុប្បន្នកាហ្វេ កំពុងតែលក់បានតម្លៃខ្ពស់នៅលើទីផ្សារ ហើយក្រសួងកំពុងពិនិត្យមើលថា តើមានកសិករណាខ្លះដែលចាប់អារម្មណ៍ចង់ពង្រីការដាំដុះកាហ្វេនេះ ដើម្បីជួយលើការងារមួយចំនួន ក្នុងការរុញឱ្យគា​ត់ទទួលបានផលចំណេញកាន់តែច្រើនពីការដាំដុះកាហ្វេ»។ ក្រសួងមិនទាន់មានតួលេខច្បាស់លាស់ ពីការដាំដុះកាហ្វេនេះនៅឡើយ ដែលតាមការប៉ាន់ស្មាន ផ្ទៃដីដាំដុះកាហ្វេនៅមណ្ឌលគិរីមានត្រឹមខ្ទង់រយហិកតាប៉ុណ្ណោះ ដែលការដាំដុះរួមមាន កាហ្វេអារ៉ាប៊ីកា មានតិចតួច និងកាហ្វេរ៉ូប៊ូស្តា មានច្រើន។

ចំពោះ មូលហេតុដែលក្រសួងកសិកម្មចង់ជំរុញឱ្យមានការពង្រីកការដាំដុះការហ្វេរ៉ូប៊ូស្តា ជាជាងដាំកាហ្វេអារ៉ាប៊ីកា​វិញ ត្រូ​វ​បាន បណ្ឌិត យ៉ងសាំង កុមារ ពន្យល់បែបនេះថា៖«កាហ្វេប្រភេទអារ៉ាប៊ីកានេះមិនស័ក្តិសមនឹងការដាំដុះនៅកម្ពុជានោះទេ ដោ​យសារតែវាត្រូវការទីតាំងខ្ពស់ខ្លាំង អាកាសធាតុត្រជាក់ខ្លាំង និងមានភ្លៀងច្រើនទើបលូតលាស់បានល្អ។ តែចំពោះរ៉ូប៊ូស្តាវិញ អាចដាំបាននៅតំបន់ខ្ពស់រាបដូចមណ្ឌលគិរី អាកាសធាតុត្រជាក់ល្មម និងមានភ្លៀងច្រើនផងដែរ។ ដូចនេះកសិករយើងដាំដុះអាចទទួលផលច្រើន»។

លោក ឆាយ មុនី នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ខូហ្វី (KOFI) បានប្រាប់ឱ្យផងដែរថា កាលពីថ្ងៃទី២១ ខែសីហា  ក្រុមហ៊ុន ខូហ្វី បានសហការជាមួយនឹងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិហូឡង់ស​ម្រាប់អាកាសធាតុ និងការអភិវឌ្ឍ (DFCD) តាមរយៈអង្គការ SNV ប្រចាំនៅកម្ពុជា ក្នុងដំណាក់កាលទី១ នៃគម្រោង «អភិវឌ្ឍន៍ដំណាំកាហ្វេប្រកបដោយចិរភាព» បានចែកកូនពូជកាហ្វេដល់កសិករចំនួន ២១គ្រួសារក្នុងចំណោមកសិករគោ​លដៅ ៣០០គ្រួសារមកពី ស្រុកពេជ្រាដា ស្រុកអូរាំង និងក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី។

លោកបានបន្តថា កូនពូជកាហ្វេដែលបានផ្តល់ជូនកសិករនៅថ្ងៃនេះ គឺជាពូជដែលមានភាពធន់ទៅនឹងអាកាសធាតុ ស្ថានភា​ពដីក្នុងតំបន់​ធន់ជំងឺ និងផ្តល់ទិន្នផលខ្ពស់ ព្រោះពូជកាហ្វេទាំងនេះត្រូវបានសិក្សាយ៉ាងលម្អិតដោយក្រុមការងារបចេ្ចកទេ​សរបស់មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ​ខេត្តមណ្ឌលគិរី ជាមួយនឹងដៃគូជំនាញបច្ចេកទេសផ្នែកផលិតពូជ និងដាំ​ដុះ​កាហ្វេមកពីវិទ្យាស្ថានស្រាវជ្រាវកសិកម្ម WASI។

«សកម្មភាពទាំងនេះបានបង្ហាញពីឆន្ទៈខ្ពស់របស់ក្រុមហ៊ុន ខូហ្វី ​និងមន្ទីរកសិកម្ម​ ក្នុ​ងកាផ្តល់ការគាំទ្រដល់ប្រជាកសិករដាំកាហ្វេក្នុងខេត្តមណ្ឌលគីរី ដើម្បីពង្រឹងគុណភាព និងពង្រីកការដាំដុះ ដំណាំកាហ្វេឱ្យ​ស្របតាមស្តង់ដាបច្ចេកទេស ដើម្បីប​ង្កើ​ននូវផលិតភាពកាន់តែខ្ពស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងរក្សាបាននូវគុណតម្លៃរបស់ផលិតផលកាហ្វេក្នុងស្រុ​ក»។ នេះ​​បើតាមលោក ឆាយ មុនី ​ដោយលោកបញ្ជាក់ថា ​ទាំងនេះជាកត្តាចម្បងក្នុងការរួមចំណែកបង្កើនកម្រិតជី​វភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគីរី ឱ្យកាន់តែល្អប្រសើរជាងមុន​។

បើតាមលោក ឆាយ មុនី ជំហានបន្ទាប់ក្រុមហ៊ុន ខូហ្វី ​​នឹងបន្តកិច្ចសហការជាមួយមន្ទីរកសិកម្ម ខេត្តមណ្ឌលគីរី ដើម្បីបន្តបណ្តុះបណ្តាលដល់កសិករពីបច្ចេកទេសដាំដុះ ថែទាំ និងការប្រមូលផលកាហ្វេ ដើម្បីធានាបាននូវផលិតផលដែលមានគុ​ណភាពខ្ពស់អាចប្រកួតប្រជែងនៅលើទីផ្សារបាន៕

ដោយ៖វណ្ណ សុជាតា

ads banner