អាជ្ញាធរជាតិអប្សរានឹងធ្វើការដកហូត និងកាត់ក្រីមែកឈើនៅបរិវេណប្រាសាទមួយចំនួនក្នុងរមណីយ ដ្ឋានអង្គរ
សៀមរាប៖អាជ្ញាធរជាតិអប្សរា នឹងធ្វើការដកហូត និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងនៅទីតាំងសំខាន់ៗមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។
សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣បានបញ្ជាក់ថា ការកាត់ក្រីមែកឈើ និងដកហូតដើមឈើដែលមានហានិភ័យខ្ពស់នេះ ដើម្បីធានាសុវត្ថិភាព ចៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត លើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ប្រាសាទទាំងនោះរួមមាន៖ ប្រាសាទបាគង, ប្រាសាទបាយ័ន, ប្រាសាទចៅសាយទេវតា, ប្រាសាទធម្មនន្ទ, ប្រាសាទបន្ទាយក្ដី, ប្រាសាទតាកែវ និងប្រាសាទសួព្រ័ត្រខាង ត្បូង ដែលមានដើមឈើដែលត្រូវធ្វើការកាត់ដកហូត និងកាត់ក្រីមែក ជិត៦០ដើមតាមប្រភេទដើមផ្សេងៗគ្នា។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ៖ «ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានឣង្គរ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ»។
ជាមួយគ្នានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានប្រាប់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៣ថា ការដកហូត និងការកាត់ក្រីមែកឈើក្នុងបរិវេណប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ វាមិនបានធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពនៅតំបន់ទាំងនោះឡើយ ប៉ុន្តែវាជាការជួយសម្រួលទៅដល់ប្រាសាទទៅវិញទេ។
លោកបានបន្តថា មុននឹងអាជ្ញាធរជាតិអប្សរាសម្រេចចិត្តធ្វើដកហូតដើមឈើ និងកាត់ក្រីមែកឈើទាំងអស់នោះ គឺសុទ្ធតែមានការសិក្សា និងពិភាក្សា ជាមួយភាគីពាក់ព័ន្ធទៅលើប្រភេទដើមឈើណា ដែលមានហានិភ័យមកលើកន្លែងសាធារណៈផ្សេងៗដូចជា៖ ចំណតរថយន្ត និងកន្លែងផ្លូវដើរជាដើម។ លោកបន្តថា ដូច្នេះហើយទីកន្លែងទាំងនេះ គឺអាជ្ញាធរជាតិអប្សរា មានការបារម្ភខ្លាចដើមឈើទាំងនោះបាក់ ឬធ្លាក់មកលើមនុស្ស សត្វ ឬក៏ប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិឯកជនរបស់បុគ្គលណាមួយ។

លោក ឡុង កុសល បានថ្លែងថា ៖ «យើងធ្វើនេះ គឺដើម្បីបញ្ចៀសរាល់បញ្ហាទាំងឡាយណាដែលកើតឡើងជាយថាហេតុដោយយើងមិនបានដឹងមុន។ ដូច្នេះវាមិនធ្វើឱ្យប៉ះពាល់ទៅដល់ប្រាសាទ ឬមិនធ្វើឱ្យប៉ះពាល់សោភ័ណភាពអ្វីមួយទេ ប៉ុន្តែជាការបញ្ចៀសរាល់បញ្ហាដែលកើតឡើងជាយថាហេតុមកលើប្រាសាទ ក៏ដូចជាផ្ដល់សុវត្ថិភាពសម្រាប់ភ្ញៀវដែលអញ្ជើញមកទស្សនា ឬក៏ធ្វើដំណើរតាមដងផ្លូវនៅក្នុងរមណីយដ្ឋានអង្គរនេះឯង»។
លើសពីនេះទៀត លោកថា ប្រភេទដើមឈើដែលអាជ្ញាធរជាតិអប្សរា បានកាត់ និងធ្វើការដកហូតនោះ គឺមានខ្លះជាប្រភេទដើមឈើដែលងាប់ និងខ្លះទៀតជាប្រភេទដើមឈើ មានមែកពុក ឬក៏ងាប់ ដែលវាជាដើមឈើមានហានិភ័យ។
អ្នកនាំពាក្យដដែលបានបន្ថែមថា ក្រៅពីប្រភេទដើមឈើដែលងាប់ និងប្រភេទដើមឈើដែលមានហានិភ័យទាំងនេះ ត្រូវបានកាត់ និងដកហូត មានប្រភេទដើមឈើផ្សេងទៀត ដែលមានមែកមិនពុក ឬក៏មិនមានមែកងាប់ ប្រសិនជាមានភ្ញៀង ឫក៏ខ្យល់ខ្លាំង វាធ្វើឱ្យបាក់ ឬធ្លាក់ចុះមក ដែលប៉ះពាល់ទៅដល់ប្រាសាទ និងអ្នកទេសចរ ក៏អាជ្ញាធរជាតិអប្សរា នឹងធ្វើការកាត់ និងដកហូតដើមឈើនោះផងដែរ៕

ដោយ៖ជា សុខនី