រដ្ឋាភិបាលឡាវប្តេជ្ញាដោះស្រាយវិបត្តិសេដ្ឋកិច្ចជាបន្ទាន់
វៀងចន្ទន៍៖ មេដឹកនាំឡាវបានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធចាត់វិធានការកាន់តែខ្លាំង ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសជាបន្ទាន់។

វិទ្យុជាតិឡាវបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីឡាវ លោក សូនីសាយ ស៊ីផាន់ដូន ដែលបាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញកាលពីថ្ងៃទី២១ ខែសីហានេះថា គ្រប់វិស័យពាក់ព័ន្ធត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់អតិផរណាជាបន្ទាន់ និងរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ក៏ដូចជាពង្រឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបំណុលរបស់ប្រទេសឡាវ។

លោក សូនីសាយ បានសង្កត់ធ្ងន់ថា គ្រប់វិស័យពាក់ព័ន្ធត្រូវតែកំណត់វិធានការត្រឹមត្រូវ ហើយអាជ្ញាធរដែលទទួលខុសត្រូវ ក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច ដោយអនុវត្តគោលនយោបាយ និងវិធានការជាច្រើន។
អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំក្នុងប្រទេសឡាវ បានធ្លាក់ចុះមកនៅត្រឹម ២៧,៨ភាគរយក្នុងខែកក្កដា ពោលគឺធ្លាក់ចុះពី ២៨,៦៤ភាគរយក្នុងខែមិថុនា។ ទោះបីជាយ៉ាងណា បច្ចុប្បន្នប្រទេសឡាវនៅតែប្រឈមមុខនឹងបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារតែការធ្លាក់ចុះតម្លៃប្រាក់គីបរបស់ឡាវ, អតិផរណាកើនឡើងខ្ពស់ និងបំណុលសាធារណៈខ្ពស់ជាដើម៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា