មន្រ្តី ភ្នាក់ងារជាតិមុខរបរ និងការងារ៖ ឱកាសការងារជិត៨០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 ត្រៀមស្វាគមន៍យុវជនកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​ស​ហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹងរៀបចំវេទិកាការងារនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។វេទិកានឹ​ងអាចផ្តល់ឱកាសការងារជិត៨០០ កន្លែង សម្រាប់យុវជនកម្ពុជា។

​លោក ឆោម សុឃឿន ប្រធានមជ្ឈមណ្ឌលការងារ​រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា បាន​ប្រាប់ឱ្យដឹងថា ​ឱកាសការងារសរុបចំនួន ៧៩៩ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស និ​ស្សិត និងអ្នកស្វែងរកការងារធ្វើក្នុង​វេទិកាការងារ និងឱកាសកម្មសិក្សាការងារនាថ្ងៃទី២៤ ខែសីហានេះ​។

លោកបាន​ថ្លែង​ថា ៖ «វេទិកានេះបានផ្ដល់ឱកាសដល់សាធារណជន ក៏ដូចជាដល់យុវជនដែលចង់ស្វែងរ​កការងារធ្វើ តាមរយៈស្ថាប័នរដ្ឋ ដោយមិនពិបាកដើរស្វែងរកការងារ ចំណាយពេលធ្វើដំណើរទៅដាក់ CV នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ ចង់ផ្លាស់ប្ដូរការងារ ក៏អាចចូលរួមបា​នផងដែរ»។

លោកជឿជាក់ថា នឹងមានអ្នកមកដាក់ពាក្យរកការងារច្រើន ព្រោះមានក្រុមហ៊ុនធំៗដល់ទៅ១០ក្រុមហ៊ុន ហើយមុខដំណែងក៏មានច្រើនទៀត»។

លោក ឆោម សុឃឿន ក៏​បានបញ្ជាក់ដែរ​ថា NEA បានរួមចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកឱ្យបានជួបអ្នកដែលកំពុង ស្វែងរកការងារធ្វើជាច្រើនមកហើយ។ ហេតុនេះ លោកថា ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន​នៅក្នុងបរិវេ​ណ​ក្រ​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​។

ជាមួយគ្នានេះ លោក នៅ សិទ្ធី មន្ត្រីធនធានមនុស្ស ធនាគារ កាថេ យូណៃធីត ដែលជាតំណាងក្រុមហ៊ុនចូ​លរួមក្នុងវេទិកាការងារនេះ បានលើកឡើងឱ្យដឹងដែរ​ថា វេទិកាការងាររបស់ NEA បានដើរតួនាទីយ៉ាងសំ​ខាន់ក្នុងការជួយដល់ក្រុមហ៊ុនកន្លងមកក្នុងការជ្រើសរើសបុគ្គលិក។

​លោក​ថា ៖ «​កម្មវិធីនេះបានផ្តល់ឱកាសដល់ខាងក្រុមហ៊ុនបានជួបដោយផ្ទាល់ជាមួយនឹងអ្នកស្វែងរកកា​រងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារជាដើម ហើយកន្លងមកធនាគារ កាថេ ធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកច្រើនសាររួចមកហើយដែរ ហើយជាលទ្ធផល ធនាគារទទួលបានបុគ្គលិកជាច្រើនរូបបាន និងកំពុងបម្រើការងារជាមួយធនាគារផងដែរ»។​

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនធំៗទាំង១0 ​ដែលនឹងចូលរួមវេទិកាការងារនៅថ្ងៃទី២៤ ខែសីហា​រួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land &  Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi៕

ដោយ៖បូរ ពេជ្យហ្សាលីន

ads banner